(ខេត្តកណ្ដាល)៖ ពលរដ្ឋមួយចំនួន ក៏ដូចជាមន្ត្រីរាជការក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល បានបញ្ចេញប្រតិកម្មនិងសម្ដែងការខកចិត្តជាខ្លាំង ទៅលើលោក មុត សារិទ្ធ មេឃុំគគីរ ដោយថាលោកមេឃុំរូបនេះ កំពុងធ្មេចភ្នែកបើកភ្លើងខៀវឱ្យ ព្រះតេជគុណព្រះវិជ្ជានុរ័ក្ខញាណ ខឹម សុផន ព្រះអនុគណស្រុកកៀនស្វាយ និងជាចៅអធិការ(វត្តស្លាកែត) ទន្ទ្រានចាក់ដីលុបបឹងសាធារណៈរបស់រដ្ឋ ដែលនៅខាងក្រោយវត្ត មកអង្កន់ពុះជាឡូត៍ លក់ឱ្យគេសាងសង់(ចេតិយ) ក្នុង១ឡូត៍ៗតម្លៃ៥.០០០ដុល្លារ ដោយពុំមានការទប់ស្កាត់។
-ករណីនេះ លោកមេឃុំថ្លែងថា គ្មាននរណាទៅលក់ដូរដីវត្តនោះទេ។
ស្របពេលដែលលោកមេឃុំ ថ្លែង បដិសេធបែបនេះ ស្រាប់តែព្រះគ្រូ ខឹម សុផន បានមានសង្ឃដីកាទទួលស្គាល់ថា ព្រះអង្គពិតជាបានពុះឡូត៍ លក់ក្នុង១ប្លង់តម្លៃ៥.០០០ដុល្លារប្រាកដមែន។
បើតាមព្រះគ្រូ ខឹម សុផន ដីនេះពីមុនមកជា(ដីបឹង) ហើយបច្ចុប្បន្នមន្ត្រីជំនាញបានវាស់វែង និងកាត់ឆ្វៀលបញ្ចូលមកជាដីគរុភណ្ឌរបស់វត្ត និងបានចេញបង្កាន់ដៃរួចហើយដែរ។
ពោលគឺ ខណៈពេលវាស់វែងនោះ ព្រះអង្គ ក៏បានប្រគល់លុយឱ្យមន្ត្រីជំនាញចំនួនពីរ ទៅ៣០០ដុល្លារទៀតផង ជាថ្លៃបាយទឹក។
សូមជម្រាបថា ដីបឹងសាធារណៈរបស់រដ្ឋ ដែលព្រះសង្ឃអាចារ្យគណៈកម្មការនៅ(វត្តស្លាកែត)ចាក់ដីលុប និងអង្កន់ពុះឡូត៍លក់ឱ្យគេសង់(ចេតិយ)នោះ មានទីតាំងត្រង់ចំណុចក្រោយ(វត្តស្លាកែត)ស្ថិតនៅភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
-សេចក្ដីរាយការណ៍បានឱ្យ(សារព័ត៌មានក្នុងស្រុក)ដឹងថា៖ លោក មុត សារិទ្ធ មេឃុំគគីរ គឺត្រូវជាក្មួយរបស់ព្រះគ្រូ ខឹម សុផន ចៅអធិការ(វត្តស្លាកែត)តែម្ដង។
ហេតុនេះទើបសកម្មភាព នៃការចាក់ដីលុបបឹង និងអង្កន់ពុះឡូត៍ លក់ឱ្យគេសង់(ចេតិយ) ត្រង់ចំណុចខាងលើ.គឺអាចប្រព្រឹត្តទៅយ៉ាងរលូន ដោយអាជ្ញាធរមិនទប់ស្កាត់ ហើយក៏មិនហាមឃាត់អ្វីដែរ ផ្ទុយទៅវិញអាជ្ញាធរឃុំ មានតែជួយសម្របសម្រួលថែមទៀត។
ខណៈគ្រួសារម្ចាស់(ចេតិយ)នីមួយៗ សុទ្ធតែបានទិញដីពីព្រះគ្រូ ខឹម សុផន ចៅអធិការ(វត្តស្លាកែត)ទាំងអស់.។
ដោយកាលពីឆ្នាំមុន ក្នុង១ឡូត៍ៗ
តម្លៃត្រឹមតែពី២.៥០០ដុល្លារទៅ៣.០០០ដុល្លារប៉ុណ្ណោះ។
លុះឥឡូវហាងឆេងដីហក់ឡើងខ្ពស់ និងសំបូរអ្នករកទិញពេក ទើបព្រះសង្ឃដំឡើងថ្លៃដល់ទៅ៥.០០០ដុល្លារ ក្នុង១ឡូត៍ជាកំហិត។
ទាំងដែលដីនេះ ជាដីបឹងសាធារណៈរបស់រដ្ឋ មិនមែនជាដីគរុភណ្ឌរបស់វត្តនោះទេ។
បែរជាព្រះសង្ឃ អាចារ្យគណៈកម្មការមានសិទ្ធ ចាត់ចែងចាក់ដីលុប ដោយអង្កន់ពុះឡូត៍ លក់យ៉ាងគគ្រឹកគគ្រេងទៅវិញ។
ចំណែកពុទ្ធបរិស័ទចំណុះជើងវត្ត ដែលពុំមានលុយទិញ តាមហាងឆេង និងតម្លៃដែលបានកំណត់នោះទេ។
គឺគ្មានវាសនា បានសង់(ចេតិយ)ត្រង់ចំណុចខាងលើ ដើម្បីតម្កល់ព្រះសារីរិកធាតុ ឬបញ្ចុះសពឪពុយម្ដាយរបស់ ខ្លួននោះឡើយ។
ស្របពេលដែលក្រុមគ្រួសារម្ចាស់(ចេតិយ)នីមួយៗ ដែលបានសាងសង់រួចនិងកំពុងសាងសង់.ភាគច្រើន ជាថៅកែនាយទុនអ្នកមានលុយ និងឧកញ៉ា នៅភ្នំពេញឯនោះវិញទេ។
-ឆ្លើយតបនិងការចោទប្រកាន់ខាងលើនៅព្រឹកទី២៧.១១.២០២៤ ព្រះតេជគុណព្រះវិជ្ជានុរ័ក្ខញាណ ខឹម សុផន ព្រះអនុគណស្រុកកៀនស្វាយ និងជាចៅអធិការ(វត្តស្លាកែត)បានមានសង្ឃដីកាបំភ្លឺប្រាប់(ដើមរាំង)ថា ដីឡូត៍ត្រង់ចំណុចខាងលើ គឺព្រះអង្គលក់ក្នុងតម្លៃ៥.០០០ដុល្លារក្នុង១ឡូត៍។
ព្រះអង្គ ខឹម សុផន មានសង្ឃដីកាបន្តថា ដីដែលព្រះអង្គពុះឡូត៍លក់នេះ ពីមុនជាដីបឹង.ប៉ុន្តែថ្មីៗនេះមន្ត្រីជំនាញ បានវាស់វែង និងកាត់ឆ្វៀល បញ្ចូលមកជាដីគរុភណ្ឌរបស់វត្ត និងបានចេញបង្កាន់ដៃរួចហើយ។
ព្រះអង្គ ខឹម សុផន ក៏បានបញ្ជាក់ដែរថា កាលពីពេលវាស់វែងនោះ គឺព្រះអង្គ ក៏បានប្រគល់លុយឱ្យ មន្ត្រីជំនាញចំនួន២ ទៅ៣០០ដុល្លារទៀតផង ជាថ្លៃបាយទឹក។
-រីឯលោក កេត ផល ប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលស្រុកកៀនស្វាយ បានថ្លែងថា រឿងលុយបាយទឹក ចំនួន៣០០ដុល្លារអីហ្នឹង គឺលោកពុំបានដឹងទេ។
-ចំពោះសំនួរថា ការកាត់ដីបឹង មួយចំហៀងមកឱ្យពលរដ្ឋ និងមួយចំហៀងទៀត បញ្ចូលមកជាដី(វត្តស្លាកែត) តើមានអនុក្រឹត្យ ឬគោលការពីរាជរដ្ឋាភិបាលដែរឬទេ..?។
-ត្រង់ចំណុចនេះលោក កេត ផល បានឆ្លើយថា ការកាត់ឆ្វៀលនោះ គឺមិនមានអនុក្រឹត្យនោះទេ.ប៉ុន្តែមានការចូលរួមសហការវាស់វែង ពីអាជ្ញាធរភូមិ ឃុំ។
ចំណែកលោក មុត សារិទ្ធ មេឃុំគគីរ បានថ្លែងប្រាប់(សារព័ត៌មាន)ថា៖ ដីដែលកាត់ឆ្វៀលឱ្យពលរដ្ឋនោះ គឺជាដីអាស្រ័យផលរបស់ពួកគាត់។
ពាក់ព័ន្ធការកាត់ឆ្វៀលដីបឹង អស់ប៉ុន្មានម៉ែត្រ ឬទុកចំណីអូរប៉ុន្មានម៉ែត្រ គឺទាល់តែជំនាញ ទើបគេច្បាស់ព្រោះគេមានសិទ្ធិសម្រេច ខណៈអាជ្ញាធរគ្រាន់តែចូលរួម.បន្ថែមពីនេះលោកមេឃុំ បានបដិសេធថា គ្មានការទិញលក់ដីវត្តអ្វីឡើយ។
ចំពោះលោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ បានថ្លែងថា ករណីខាងលើ មន្ត្រីភូមិបាលកំពុងធ្វើការ ខណៈរូបលោកពុំច្បាស់ទេ។
សូមជម្រាបថា ជាគោលការច្បាប់ដីសាធារណៈរបស់រដ្ឋ មានតែប្រមុខរាជរដ្ឋាភិបាលប៉ុណ្ណោះ ដែលមានសិទ្ធក្នុងការចាត់ចែង.សម្រេចធ្វើសម្បទាន.អនុប្រយោគឬប្រគល់ឱ្យក្លាយជាកម្មសិទ្ធឯកជន ឬយកទៅអភិវឌ្ឍន៍អ្វីមួយ។
ខណៈព្រះសង្ឃ.អាចារ្យ.គណៈកម្មការមានសិទ្ធតែចាត់ចែង ដីគរុភណ្ឌរបស់វត្តតែប៉ុណ្ណោះ។
ផ្ទុយទៅវិញករណីខាងលើ បែរជាព្រះសង្ឃ.អាចារ្យ.គណៈកម្មការ(វត្តស្លាកែត) យកដីបឹងសាធារណៈរបស់រដ្ឋ មកចាត់ចែងពុះឡូត៍លក់យ៉ាងពេញបន្ទុកទៅវិញ..រហូតបង្កការរិៈគន់គ្មានសំចៃមាត់។
យ៉ាងណាក៏ដោយ ពលរដ្ឋមួយចំនួននៅស្រុកកៀនស្វាយ ក៏ដូចមន្ត្រីរាជការខ្លះសូមស្នើដល់ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល មេត្តាជួយទប់ស្កាត់ចំពោះករណីខាងលើ ដោយក្ដីអនុគ្រោះ៕
ដកស្រង់អត្ថបទនិងរូបភាព(ដើមរាំង)