ព័ត៌មានរាយការណ៍

បែកធ្លាយ! អភិបាលស្រុករំដួល ត្រូវមន្ត្រីក្រោមឱវាទទម្លាយរឿងស៊ីដាច់លុយជំនួយកូវីដ របស់សម្ដេចតេជោ!

(ស្វាយរៀង)៖ ប្រភពច្បាស់ការជាច្រើន ដែលជាមន្ត្រីសាលាស្រុករំដួល មេឃុំ ពលករ និងកម្មករដែលកំពុងធ្វើចត្ដាឡីស័កបាននាំគ្នាទម្លាយរឿងអាស្រូវ ពុករលួយ ជាច្រើនករណីរបស់លោក សុខា រ៉ាម អភិបាលស្រុករំដួល

ដែលបានស៊ីដាច់លុយជំនួយដែលថ្នាក់លើឧបត្ថម្ភក្នុងស្ថានភាពកូវីដ និងប្រើលេសបញ្ហាកូវីដដើម្បីទារលុយពីអាជីវករ។

ប្រភព បានទម្លាយរឿងរ៉ាវពាក់ព័ន្ធអំពើពុករលួយរបស់លោក សុខា រ៉ាម អភិបាលស្រុករំដួល ចំនួន ១៣ចំណុច ដូចខាងក្រោម៖

១-កាត់ប្រាក់រង្វាន់មន្ត្រី មិនដែលបានផ្ដល់ជូនមន្ត្រីដើម្បីលើកទឹកចិត្ដរយៈពេល ៣ឆ្នាំ គិតពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១

២-ឈប់បើកលុយប្រេងសាំងឲ្យមន្ត្រីដែលក្រសួងតម្រូវឲ្យមានរបបសាំង គឺទុកចែកតែបក្ខពួក

៣-បំបាត់លុយសម្រាប់ឲ្យមន្ត្រីទិញសម្ភារការិយាល័យផ្សេងៗ (សម្រេចលើលោកនាយករដ្ឋបាលអ្នកចំណាយ)

៤-កាត់លុយមន្ដ្រីក្នុងមួយខែចំនួន ១០,០០០រៀល រៀងរាល់ខែ អស់រយៈពេល ៤ឆ្នាំមកហើយ

៥-តែងតាំងមន្ត្រីតាមបក្ខពួក និងលុយ បើចង់បានតំណែងជាប្រធានការិយាល័យត្រូវបង់លុយ ២០០ដុល្លារ តំណែងអនុប្រធានការរិយាល័យ ត្រូវបង់ ១៥០ដុល្លារ ដោយមានលោកនាយករដ្ឋបាលជាអ្នកប្រមូលលុយ និងអះអាងថាលុយទាំងអស់យកទៅជួយបក្ស

៦-បញ្ជាឲ្យអនុប្រធានការិយាល័យសុរិយោដីស្រុក ម្នាក់ដើគាបសង្កត់មេឃុំគ្រប់ឃុំ មិនឲ្យបញ្ចាក់លើឯកសារលក់-ទិញដីធ្លីនោះទេ ទោះបីដីលក់បានតម្លៃថោកក៏ដោយ ទាល់តែមានលុយរត់ការដល់សាលាស្រុកទើបអាចលក់-ទិញបាន

៧-បញ្ជានាយករដ្ឋបាលស្រុកគាបក្រុមអ្នករកសុីជីកដី និងដឹកអាចម៍ដីលក់អោយសុំច្បាប់ម្ដងត្រូវបង់សេវាចំនួន ៣៥០,០០០រៀល និងសុំបន្ថែម ៦០០ដុល្លារទៀត បើមិនបង់តាមការទាមទារនោះទេ គឺលោកអភិបាលស្រុកចុះចាប់រហូត ខុសនេះ ខុសនោះ មិនចេះចប់

៨-ទាមទារប្រាក់ចំណេញគិតជាភាគរយពីក្រុមអ្នកម៉ៅការណាដែលដេញថ្លៃបានពីគម្រោងអភិវឌ្ឍក្នុងឃុំ និងស្រុក

៩- គំរាមដកមន្ដ្រីពីដំណែងពិសេសលោកមេឃុំគ្រប់ឃុំ បើមិនធ្វើតាមខ្លួនបញ្ជា

១០-បំបាត់លុយរបស់សម្ដេចតេជោ ដែលឧបត្ថម្ភដល់ការហូបចុកប្រចាំថ្ងៃរបស់កងកម្លាំងការពារមណ្ឌលចត្ដាឡីស័ក និងពលករដែលធ្វើចត្តាឡីស័ក ដោយធ្វើរបាយការណ៍បំបោងលើសចំនួនពលករដែលកំពុងចត្តាឡីស័កជាក់ស្តែង ហើយឡើងទៅបើកលុយសម្តេចយកមកចែកគ្នាចាយ (ជាក់ស្តែងពលករកំពុងចត្តាឡីស័ក គឺមានតែ ០១នាក់ តែពេលធ្វើរបាយការណ៍ លោកអភិបាលស្រុកឲ្យដាក់ជាង ៣០នាក់)

១១-យកលុយរបស់សម្តេចតេជោ ឧបត្ថម្ភថ្លៃអាហារ ជូនកងកម្លាំងការពារមណ្ឌលចត្តាឡីស័ករហូតមក គឺលោកអភិបាលស្រុក មិនដែលបានទូទាត់ជូនកងកម្លាំងនោះទេ ហើយលុយថ្លៃអាហាររបស់បងប្អូនពលករធ្វើចត្តាឡីស័ក បើកឲ្យមិនគ្រប់ចំនួនថែមទៀត និងជាពិសេសគឺនៅឃុំមុឺនជ័យ និងឃុំស្វាយចេក គឺមានលោកនាយករដ្ឋបាលសាលាស្រុកជាអ្នកកាន់កាន់លុយ តាមបញ្ជារបស់លោកអភិបាលស្រុក

១២- ស៊ីលុយឈ្នួល រថយន្ដដឹកកម្មករមកពីថៃទៅតាមឃុំភាគច្រីនឲ្យខាងលោកមេឃុំចេញពាក់កណ្ដាល ខាងសាលាស្រុកមិនមានលុយចេញទេ ហើយសមត្ថកិច្ចដែលមកយាមពលករមកពីប្រទេសថៃតាមឃុំនាយករដ្ឋបាលមិនដែលទូទាត់ប្រាក់ឧបត្ថម្ភឲ្យទេ

១៣-លុយ និងសម្ភារផ្សេងៗដែលសប្បុរសជនឧបត្ថម្ភទៅរដ្ឋបាលស្រុកដើម្បីចូលរួមការងារទប់ស្កាត់ជំងឺកូវីដ គឺលោកអភិបាលស្រុក និងលោកនាយករដ្ឋបាល សាលាស្រុក ស៊ីដាច់រហូត ចំណែកគ្រឿងសម្ភារដោះស្រាយការហូបចុកដែលសប្បុរសជនឧបត្ថម្ភមកគឺយកទុកក្នុងឃ្លាំង មិនព្រមយកទៅដោះស្រាយការហូបចុកជូនកងកម្លាំងដែលពាក់ព័ន្ធនោះទេ សូម្បីជំនួយឧបត្ថម្ភរបស់លោកជំទាវគតិសង្គហបណ្ឌិត ម៉ែន សំអន ដែលឧបត្ថម្ភសម្រាប់ការងារទប់ស្កាត់ជំងឺកូវីដ ក៏លោកអភិបាលស្រុកមិនដែលយកទៅដោះស្រាយការហូបចុកជូនកងកម្លាំង និងមន្ត្រីកំពុងបំពេញបេសកកម្ម ដែលពួកគាត់ដេកយាមហាលក្តៅ ហាលភ្លៀងដែរ។

ជាការឆ្លើយតបនឹងការចោទប្រកាន់ខាងលើនេះ លោក សុខា រ៉ាម អភិបាលស្រុករំដួល បានប្រាប់អ្នកសារព័ត៌មានថា លោកមិនបានប្រព្រឹត្ដទង្វើទាំងអស់នោះឡើយហើយរឿងនេះជារឿងមិនពិតនោះទេ។

លោក សុខា រ៉ាម បញ្ជាក់ថា សព្វថ្ងៃលោកមានតែចំណាយលុយផ្ទាល់ខ្លួន សម្ភារ សម្រាប់ផ្គត់ផ្គង់ជូនកងកម្លាំងថែមទៀតផង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *