(ខេត្តតាកែវ)៖ រាល់ថ្ងៃគេសង្កេតឃើញសកម្មភាពនៃការបើកល្បែងស៊ីសងតាមប្រព័ន្ធ អនឡាញជល់មាន់ទូរទស្សន៍ ដោយទីតាំងខ្លះជ្រកក្រោមអាជ្ញាប័ណ្ណ ឡូតូ កំពុងពេញនិយមខ្លាំងណាស់ នៅភូមិ ឃុំ ក្នុង ស្រុកទ្រាំង ខេត្តតាកែវ។
ជាក់ស្ដែងៈ នៅតាមបណ្ដាហាងកាហ្វេនីមួយៗក្នុងស្រុកទ្រាំង គឺក្រុមអ្នកញៀនល្បែងអនឡាញភ្នាល់ចាក់លុយធំៗ ដោយហ៊ោកញ្ច្រៀវអ៊ូអរ យ៉ាងគគ្រឹកគគ្រេងបំផុតហាក់បីដូចជាល្បែងស្របច្បាប់ទៅហើយ។
បែរជាអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ ហាក់បីដូចជាស្រវឹងភ្នែក ងាប់ត្រចៀកស្ដូក មើលមិនឃើញ ស្ដាប់មិនឮ នូវរាល់សកម្មភាពបើកល្បែង”អនឡាញ”ខុសច្បាប់ទាំងនេះ។
សូមជម្រាបថាៈ ទីតាំងល្បែងអនឡាញទាំងនោះមានដូចជា៖
១៖ នៅចំណុចតារាងបាល់ទះ តាពុយ ស្ថិតនៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។
ទី២៖ នៅខាងជើងវត្តស្មោង ផ្ទះឈ្មោះនេត ស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំស្មោងនិងឃុំផ្សេងៗទៀត ក្នុងស្រុកទ្រាំង ខេត្តតាកែវ។
ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធ”អនឡាញ”ជល់មាន់ទូរទស្សន៍ទាំង២កន្លែងខាងលើនេះ។
គឺកំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺ លេងរាល់ថ្ងៃតែម្ដង ខួបប្រាំងខួបវស្សា មិនដែលឃើញសមត្ថកិច្ច ចុះបង្ក្រាបនោះឡើយ។
កត្តានៃការបើកល្បែង”អនឡាញ”បែបនេះហើយ បណ្ដាលឱ្យស្ដ្រីខ្លះ ដែលមានប្ដីជាអ្នកញៀនល្បែង កើតចិត្តក្ដៅក្រហាយ ឈ្លោះប្រកែកគ្នាជាមួយប្ដីញឹកញាប់។
ខណៈប្ដីទៅហូបកាហ្វេ១កែវសោះ បែរជា មិនមកផ្ទះ តាំងពីព្រឹកដល់ល្ងាច ព្រោះរវល់វក់វី និងការផ្សងសំណាង ភ្នាល់ចាក់លុយមាន់ជល់តាមទូរទស្សន៍ បណ្ដាលឱ្យខាតពេល មិនបានទៅធ្វើការងាររកស៊ី ដើម្បីផ្គត់ផ្គង់គ្រួសារ។
ជាមួយគ្នានោះ អ្នកឈ្នះសប្បាយហ៊ោកញ្ច្រៀវឡើងទ្រហឹងអឺងកង ពេញហាងកាហ្វេនិងតារាងបាល់។
រីឯអ្នកចាញ់វិញ ប្រែទឹកមុខក្រៀមក្រំប្រឈមជំពាក់គេ និងត្រូវដោះបំណុលទៀតផង។
អ្នកខ្លះភ្នាល់ចាញ់ផ្ទួនៗជាច្រើនថ្ងៃជាប់គ្នា កើតអារម្មណ៍មួម៉ៅ ក្រពុលមុខ មកផ្ទះវិញ ឈ្លោះប្រកែកប្រពន្ធកូន និងប្រើអំពើហិង្សា ក្នុងគ្រួសារក៍មាន។
ព្រោះថាៈ អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខខ្លា ប្រើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ អាចកើតជាអំពើចោរលួច ចោរប្លន់ និងអំពើអសន្តិសុខក្នុងមូលដ្ឋានជាដើម។ល។
អាស្រ័យហេតុនេះ ពលរដ្ឋសូមស្នើដល់លោក កប សេម អធិការស្រុកទ្រាំងលោក ឈួន ផាន់នី អភិបាលស្រុកទ្រាំងលោក ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ ។
មេត្តាអន្តរាគមន៍ ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ ក្នុងភូមិសាស្ត្រស្រុកទ្រាំង ដោយក្ដីអនុគ្រោះ ដើម្បីអនុវត្តឲ្យបាននូវ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។
ពាក់ព័ន្ធករណីខាងលើ នៅព្រឹកថ្ងៃទី២៩.១០.២០២៣
នេះលោក កប សេម អធិការស្រុកទ្រាំង បានថ្លែងប្រាប់ សារព័ត៌មានថា៖លោកនឹងឱ្យកម្លាំងចុះពិនិត្យ ដើម្បីចាត់វិធានការភ្លាមតែម្ដង។
រីឯលោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង ក៏បានថ្លែងស្រដៀងគ្នា នឹងលោកអធិការដែរថា នឹងចាត់កម្លាំងចុះបង្ក្រាប៕