(ខេត្ដក្រចេះ )៖ អាជ្ញារធរមូលដ្ឋានស្រុកឆ្លូង សហការជាមួយមន្រ្តីសុខាភិបាល ដឹកនាំដោយលោក ធីម ស៊ាងឡេង អភិបាលរងស្រុកឆ្លូង បានចុះបិទហាងគោដុតមួយកន្លែង យីហោ ប៉ោលាង គោដុត១៦៨ ជាបណ្ដោះអាសន្ន និងអ្នកពាក់ពន្ធ័ប្រុសស្រីចំនួន ៤នាក់ ត្រូវធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅមន្ទីរពេទ្យបង្អែកស្រុកឆ្លូង ។
ការចុះបិតទីតាំងលក់គោដុតខាងលើនោះដែរ គឺធ្វើឡើងកាលពី រសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ដោយមូល ហេតុរកឃើញថា អ្នកមកហូបគោដុតនៅហាងនេះ បានធ្វើតេស្តសំណាករកឃើញ វិជ្ជមានជំងឺកូវីដ-១៩ ។
តាមការបញ្ជាក់របស់លោក ធីម ស៊ាងឡេង អភិបាលរងស្រុកឆ្លូង កាលពីរសៀលថ្ងៃ ដដែលនោះដែរ បានបញ្ជាក់ឲ្យដឹងថា ការចុះបិទហាងនេះបណ្ដោះអាសន្ន ដោយមូលហេតុ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ មានឈ្មោះ តាំង វេងម៉េង ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំភូមិប៉ើស២ ឃុំប៉ើស ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មំ បានមកហូបចុកនៅក្នុងហាង ប៉ោលាងគោដុតនេះ ហើយនៅថ្ងៃទី៣០ ខែមេសានេះ បុរសរូបនោះ ត្រូវធ្វើតេស្តសំណាក់ រកឃើញវិជ្ជមានកូវីដ១៩ នៅខេត្តត្បូងឃ្មុំ ។
ដោយឈ្មោះ តាំង វេងម៉េង ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស៥នាក់ផ្សេងទៀត ដែលត្រូវបានរដ្ឋបាលខេត្តត្បូងឃ្មុំ ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ការរកឃើញមនុស្ស ៥នាក់បន្ថែមទៀត កើតជំងឺកូវីដ-១៩ រស់នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ។ ដោយក្នុងនោះ រួមមាន ទី១- ឈ្មោះ តាំង វេងម៉េង ភេទប្រុស អាយុ៥១ឆ្នាំ, ទី២- ឈ្មោះ នៅ ផល ភេទប្រុស អាយុ៥៨ឆ្នាំ, ទី៣- ឈ្មោះ ឃាង រាង ភេទប្រុស អាយុ៣៦ឆ្នាំ,ទី៤- ឈ្មោះ ឡូត ម៉េងលី ភេទប្រុស អាយុ១៨ឆ្នាំ, និងទី៥- ឈ្មោះ ចន ផេង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិខាងលើជាមួយគ្នា ។
ករណីនេះ ជំនាញសុខាភិបាលបានដាក់ខ្សែហ៊ុមព័ទ្ធមិនឲ្យមនុស្សចេញចូលដាក់កម្លាំងយាមច្បាស់លាស់ ហើយបាននាំអ្នកពាក់ព័ន្ធមនុស្សប្រុសស្រីចំនួន ៤នាក់ (ស្រី២នាក់) យកសំណាកធ្វើការពិនិត្យនៅមន្ទីរពេទ្យបង្អែកឆ្លូង។
បច្ចុប្បន្នអ្នកទាំង ៤ នាក់ កំពង់ធ្វើចត្ដាឡីស័កនៅមន្ទីរពេទ្យបង្អែងឆ្លូង ដោយអនុវត្ដតាម វិធានការរបស់ក្រសួងសុខាភិបាល ៕