ប៉េកាំង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន។
វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាកា់ប្រធានាធិបតីចិន។ ក្នុងជំនួបនោះ កូនប្រុសរបស់សម្តេចតេជោ គឺឯកឧត្តម ហ៊ុន ម៉ាណែត និងឯកឧត្តម ហ៊ុន ម៉ានី ក៏ទទួលបានការស្វាគមន៍ពីលោកប្រធានាធិបតីចិនផងដែរ។ បន្ទាប់ពីជំនួបសម្តែងការគួរសម និងពិភាក្សាការងារហើយនោះ លោកប្រធានាធិបតីចិន ក៏បានរៀបចំអាហារមិត្តភាពកម្រិតខ្ពស់ជូនសម្តេចតេជោ និងគណៈប្រតិភូផងដែរ។
សូមជម្រាបថា សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន។ ក្រៅពីជំនួបជាមួយប្រធានាធិបតីចិនហើយនោះ សម្តេចតេជោ ក៏មានជំនួបជាមួយប្រធានសភា និងនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាងផងដែរ។
បន្ទាប់ពីជំនួប សម្តេចតេជោ និងលោក លី ខឺឈាង អញ្ជើញជាសហអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន។ ឯកសារចំនួនប្រមាណ១២ ត្រូវបានរំពឹងថា នឹងត្រូវចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចនេះ៕