(ខេត្ដកំពង់ឆ្នាំង)៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តម សេនីយ៍ត្រី សាក់ សារាង មេបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តកំពង់ឆ្នាំង និង មានការសម្រប សម្រួលនីតិវិធីពី ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងកងរាជអាវុធ ហត្ថក្រុងកំពង់ឆ្នាំង ដឹកនាំដោយ លោក វរសេនីយ៍ត្រី អ៉ឹម លីអ៉ីម មេបញ្ជាការ អ.ហ ក្រុងកំពង់ឆ្នាំង យោងបទល្មេីសជាក់ស្ដែង បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ដែលពាក់ព័ន្ធក្នុងករណីចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ នៅវេលាម៉ោង ១១៖៣០នាទី ស្ថិតចំណុចភូមិ ថ្មី ឃុំ ជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោក វរសេនីយ៍ត្រី អ៉ឹម លីអ៉ីម មេបញ្ជាការ អ.ហ ក្រុងកំពង់ឆ្នាំង បានឲ្យដឹងថាជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ សាយ វិសាល ភេទ ប្រុស អាយុ៤០ ឆ្នាំមុខរបរ មិនពិតប្រាកដ រស់នៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៍សថ្លា(សង្ស័យម៉ាទឹកកក)ចំនួន០២កញ្ចប់តូច ទម្ងន់ ១.០៧ក្រាម (ថ្លឹងទាំងថង់វេចខ្ចប់) ។ក្នុងពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចយើង បានឲ្យគ្រូពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ធ្វើតេស្តរហ័សរកមេរោគកូវីដ19 (លទ្ឋផលអវិជ្ជមាន)។
បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងការិយាល័យជំនាញ កសាងនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង៕