(ខេត្ដឧត្ដរមានជ័យ)៖ រថយន្តកូរ៉េម៉ាក ហ៊ីយ៉ាន់ដាយ ចំនួនពីរគ្រឿង ដែលត្រូវបានគេស្គាល់ថាជារថយន្តរបស់ឈ្មោះយាយ មុំ ដែលរស់នៅខេត្តបាត់ដំបង ដោយរថយន្តទីមួយម៉ាកកូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3C-1666 និងរថយន្តទីពីរម៉ាកកូរ៉េ ពណ៌ស លាយបៃតង ពាក់ស្លាកលេខភ្នំពេញ3C-0199 ដឹកឈើក្រាក់ពេញៗគ្របតង់ជិត ដែលកំពុងតែធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសឈើក្រាក់វែងៗដាក់ខ្ពស់ផុតទ្រុងគ្របតង់ជិត ដឹកចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តឧត្តរមានជ័យ ឆ្ពោះយកទៅលក់នៅ ខេត្តបន្ទាយមានជ័យ និង ខេត្តបាត់ដំបងបាទដោយរលូនមិនទាក់ក្រសែភ្នែកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធតាមដងផ្លូវនោះឡើយ។
ប្រភពបានបង្ហើបឱ្យដឹងថា៖ រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ដែលស្ត្រីមេឈ្មួញជើងខ្លាំងល្បីល្បាញខាងដឹកជញ្ជូនឈើមិនសំចៃ ឈ្មោះយាយ មុំ រូបនេះ តែងតែដើរប្រមូលគៀងគរឲ្យប្រជាពលរដ្ឋក្រីក្រក្នុង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ រហូតដល់់ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឲ្យចូលទៅអាកាត់ព្រៃឈើដែលមិនទាន់គ្រប់អាយុពីគ្រប់ទិសទី ផ្ដួលរំលំទុកឲ្យក្រៀមស្ងួតក្លាយជាឈើក្រាក់ ទុកលក់ឲ្យខ្លួនដើម្បីដឹកយកទៅលក់បន្ត។
យោងតាមប្រភពសមត្ថកិច្ចនៅតាមដងផ្លូវបានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថាក្រុមរថយន្តដឹកឈើរបស់យាយ មុំ នេះគ្រាន់តែតែដឹកឈើបម្រុងថាទៅខេត្តណានោះមានគេរត់ការផ្លូវរួចជាស្រេចទៅហើយដូច្នេះសមត្ថកិច្ចពាក់ព័ន្ធនៅតាមដងផ្លូវមិនហ៊ានប៉ះពាល់នោះទេ។
ក្រុមសមត្ថកិច្ចមួយចំនួននៅតាមដងផ្លូវ ជាពិសេសបងប្អូនប្រជាពលរដ្ឋ សូមសុំណូមពរដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជាពិសេសឯកឧត្តម វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម មេត្តាជួយទប់ស្កាត់ រាល់ឈ្មួញឈើល្មើសច្បាប់តាមដងផ្លូវ សូមមេត្តាមានវិធានការត្រួតពិនិត្យផងទាន ជាពិសេសអស់លោកផ្នែករដ្ឋបាលព្រៃឈើរមេត្តាត្រួតពិនិត្យទៅលើការដឹកជញ្ជួនឈើខុសច្បាប់របស់មេឈ្មួញឈ្មោះយាយ មុំ ឈ្មួញដទៃទៀត ដែលគេស្គាល់ថាមេឈ្មួញជើងខ្លាំងមិនចេះខ្លាចញញើតសមត្ថកិច្ចនោះផង ដើម្បីកុំឲ្យពួកឈ្មួញទាំងនេះពើងទ្រូងដាក់សមត្ថកិច្ច និងមើលងាយដល់ស្ថាប័នមានសមត្ថកិច្ចជាអ្នកអនុវត្តច្បាប់តែមិនហ៊ានបង្ក្រាបបទល្មើសរបស់ពួកគេនោះ ។
ពាក់ព័ន្ធនឹងការលើកឡើងរបស់បងប្អូនមន្ត្រីនិងបងប្អូនប្រជាពលរដ្ឋ ស្តីពីករណីមេឈ្មួញរកស៊ីបទល្មើសព្រៃឈើឈ្មោះយាយ មុំ អង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺ បានទេ។ ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ក៏មិនអាចសុំការបំភ្លឺបានដែរ។
អង្គភាពយើងរង់ចាំការបកស្រាយបំភ្លឺណាមួយពីភាគីពាក់ព័ន្ធទាំងអស់រាល់ម៉ោងធ្វើការ ៕