(ខេត្ដកំពង់ចាម)៖ នៅព្រឹកថ្ញៃទី ០៣ ខែ កញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោក ជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម បានដឹកនាំគណៈប្រតិភូខេត្តកំពង់ចាម ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងនាំយកថវិការបស់សមាគមនារីខេត្ត ផ្តល់ជូនដល់ក្រុមគ្រួសារសព ចំពោះការបាត់បង់ លោកស្រី ឯម ថាវី ប្រធានមន្ទីរកិច្ចការនារី ដែលបានទទួលមរណៈភាពហើយនៅវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ក្នុងជន្មាយុ ៥៥ឆ្នាំ ដោយរោគាពាធ (ដាច់សរសៃរឈាមបេះដូង) ។
ក្នុងឱកាសអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ កាលពីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងការចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ដែលជាទីស្រលាញ់ ស្មើកែវភ្នែក ដែលកំពុងស្រឡាញ់ពេញបេះដូង ក៏ដូចជាបាត់បង់នូវធនធានមនុស្ស ដ៏មានសារៈសំខាន់ ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ។
ឯកឧត្តមអភិបាលខេត្ត និង លោកជំទាវ បានសម្ដែងនូវការក្តុកក្តួល ក្រៃលែង ដែលក្រុមគ្រួសារនេះ បានខិតខំធ្វើការ ហើយជួបរឿងអកុសលបែបនេះ ហើយ ឯកឧត្តម និងលោកជំទាវ ក៏បានបួងសូមឧទ្ទិស ដល់ដួងវិញ្ញាណក្ខន្ធសព បានទៅឋានសុគតិភព។
ជាមួយគ្នានេះ ក្រុមគ្រួសារសព បានសម្ដែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម និង លោកជំទាវ ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ រាល់ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ មិនថា ក្នុងកាលៈទេសៈ ឬពេលវេលាណាមួយឡើយ និងសូមគោរពជូនពរ ឯកឧត្តម និងលោកជំទាវ សូមឲ្យមានសុខភាពល្អបរិបូរណ៍មានជន្មាយុយឺនយូរ ដើម្បីដឹកនាំការងារមនុស្សធម៌បន្តទៀត ។
សូមបញ្ជាក់ផងដែរថា សមាគមនារី សាខាខេត្តកំពង់ចាម បាននាំយកថវិកាចូលបុណ្យ ជូនដល់ក្រុមគ្រួសារនៃសពចំនួន ១,៨៨០,០០០ លានរៀល និង ឯកឧត្តម អ៊ុន ចាន់ដា និង លោកជំទាវ ញូង ចរិយា បាន ចូលបុណ្យដោយផ្ទាល់ខ្លួន ចំនួន ៤០០,០០០ រៀល ផងដែរ ៕