(ខេត្ដបន្ទាយមានជ័យ)៖ជនសង្ស័យជួញដូរគ្រឿងញៀន ប្រុស ស្រីចំនួន០៣នាក់ នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ខែតុលាឆ្នាំ២០២១ ដើម្បីចាត់វិធានការតាមនិតិវិធី ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ដើម្បីអនុវត្តនូវគោលនយោបាយ ឃុំ សង្កាត់ មាន សុវត្ថិភាព និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ និងមានការសម្របសម្រួលពីឯកឧត្តម កើត សុណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។
កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន ជាបន្តបន្ទាប់ ចំនួន០៣នាក់ ស្រី០១នាក់ និងដកហូតវត្ថុតាងថ្នាំញៀនមួយចំនួនធំ ។
លោកស្នងការរង បានបរៀបរាប់ដោយបញ្ជាក់ថា៖នៅវេលាម៉ោង០៦និង៣០នាទីល្ងាចថ្ងៃទី១៩ខែតុលាឆ្នាំ២០២១ កម្លាំងនគរបាលការិយាល័យជំនាញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីជួញ ដូរគ្រឿងញៀន នៅចំណុចរោងស្នាក់នៅប្រក់កៅស៊ូតង់ក្បែរបេនឡានថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។ភ្លាមៗនោះលោកបានដឹកនាំកម្លាំងជំនាញបានចុះប្រតិបត្តិការទៅកន្លែងនោះ និងបានធ្វើការត្រួតពិនិត្យឆែកឆេររកឃើញវត្ថុតាងម្សៅក្រាមសថ្លា ចំនួ១២ថង់ និងឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ចាន់ ស្រីរ័ត្ន ភេទស្រី អាយុ៣៥ ឆ្នាំ យកមកសួរនាំនៅការិយាល័យ ជនសង្ស័យបានសារភាពថាថ្នាំញៀនទាំងនេះ បានទិញពីអ្នកលក់នៅក្រុងប៉ោយប៉ែតតម្លៃ៤៥០ដុល្លាអាមេរិក។
លោកវរសេនីយ៍ឯក ស៊ិន ធិនដេត បន្តថា៖ដោយមានការសហការពីឈ្មោះចាន់ ស្រីរ័ត្ន បានព្យាយាមអូសទាញមុខសញ្ញាជួញដូរគ្រឿងញៀន០១នាក់ទៀត ។
នៅវេលាម៉ោង០៣ រសៀលថ្ងៃទី២០ខែតុលា ឆ្នាំ២០២១ កម្លាំងជំនាញចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យ៉ុម ចាន់នី ភេទប្រុស អាយុ ២៩ឆ្នាំ ក្នុងបរិវេណកាស៊ីណូផ្កា៥ ស្ថិតក្នុងភូមិក្បាល១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួចបន្តទៅឆែកឆេររកឃើញវត្ថុតាងថ្នាំញៀនចំនួន០៧ថង់ លាក់ទុកក្នុងកេសដែក ក្នុងបន្ទប់ជួលស្នាក់នៅ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត និងឃជាត់ខ្លួនឈ្មោះ យី ផល្លី ហៅម៉ៅ ភេទប្រុសអាយុ ៥១ឆ្នាំ ជាម្ចាស់ បន្ទប់ជួល ជាអ្នកដឹកជញ្ជូននិងប្រើប្រាស់គ្រឿងញៀន ។
លោកស្នងការរង បានបញ្ជាក់បន្ថែមថា៖នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ស្រីរ័ត្នបានសារភាពថា៖ខ្លួនធ្លាប់ជួញដូរគ្រឿងញៀននេះជាច្រើនលើកមកហើយ ចំណែក ឈ្មោះ យ៉ុម ចាន់នី សារភាពថា ខ្លួនគេជួញដូរថ្នាំញៀននេះរយៈពេល០២ឆ្នាំមកហើយដែរ និងឈ្មោះ យី ផល្លី ក៏បានសារភាពថា ធ្លាប់ដឹកជញ្ជូនថ្នាំញៀនឲ្យអ្នកដែលបានកំហ្មង់ទិញពីឈ្មោះចាន់នី៕