ខេត្ដកំពង់ចាម៖ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចេញសេចក្តីណែនាំ ការអនុវត្តវិធានការរដ្ឋបាល រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។
នេះបើយោងតាមការសេចក្តីណែនាំ របស់ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ អង្គភាពសារព័ត៌មានយេីងទទួលបាន នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នេះ ។
ការអនុវត្តវិធានការរដ្ឋបាលនេះ ត្រូវផ្អាកជាបណ្តោះអាសន្ន នូវទីតាំងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃ សកម្មភាពពេលរាត្រី រួមមាន ភោជនិយដ្ឋាន អាហារដ្ឋាន តូបលក់ចល័ត ផ្សារទំនើប ម៉ាក ទីសាធារណៈ ដែលមានសភាពអ៊ូអរ និង កន្លែងដែលមានមនុស្សច្រើនជាដើម។
សូមជម្រាបថា ការអនុវត្តវិធានការរដ្ឋបាល នេះ គោលបំណងធានាអាយុជីវិតបងប្អូនប្រជាពលរដ្ឋ សុខភាពសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ និង ដើម្បីកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់ នៃការឆ្លងជំងឺកូវីដ-១៩ ចំពោះវិស័យសង្គមកិច្ច ជីវភាពរស់នៅប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ៕