(ខេត្តព្រះវិហារ)៖ អភិបាលស្រុករវៀង លោក ហោ ប៊ុនហួរ បានដឹកនាំបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុក ចុះបង្ក្រាបទីតាំងបើកល្បែងជល់មាន់ ការចាក់អាប៉ោង និងបានឈានទៅឃាត់ខ្លួនក្រុមអ្នកញៀនល្បែងប្រុសស្រី ៣នាក់ រឹបអូសគ្រាប់អាប៉ោង មាន់ជល់២ក្បាល និងសម្ភារៈមួយចំនួនទៀត កាលពីថ្ងៃទី១០សីហាឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិដូង ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងការចុះបង្ក្រាបល្បែងស៊ីសងខាងលើនោះ ក្រុមអ្នកប្រព្រឹត្តល្បែង បានរត់គេចខ្លួនបាត់អស់ ប៉ុន្តែ សមត្ថកិច្ចឃាត់ខ្លួនបានមនុស្ស ៣នាក់ គឺ ១.ឈ្មោះ អាន អ៊ឹង ភេទប្រុស អាយុ ៧៧ឆ្នាំ មានទីលំនៅភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ២.ផាត់ ស្រិន ភេទប្រុស អាយុ ៥៧ឆ្នាំ មានទីលំនៅភូមិព្នៅ ឃុំភ្នំពេញ ស្រុកគូលេន និង៣. ង៉ាត សុភាព ភេទស្រី អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ នៅក្នុងពេលឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់នោះ កម្លាំងសមត្ថកិច្ច ដែលដឹកនាំដោយ លោកវរសេនីយ៍ទោ ស៊ឹម សាយ អធិការដ្ឋាននគរបាលស្រុករវៀង បានរឹបអូសវត្ថុតាង រួមមាន៖ មាន់ជល់ ២ក្បាល អង្រុតក្រុងមាន់ ១៧អង្រុត តុដែក ១ កៅអីជ័រ ១៧ ជញ្ជីងថ្លឹងមាន់ ១ ហាន់ហោ (គ្រាប់អាប៉ោង ១) និងធុងទឹកកក ចំនួន ១ ផងដែរ។
ក្រោយការបង្ក្រាប ឃាត់ខ្លួនមនុស្ស ៣នាក់ និងវត្ថុតាងបទល្មើសទាំងនោះរួចមក ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុករវៀង ដើម្បីសាកសួរ និងក្រោយមក លោកអភិបាលស្រុក បានសុំគោលការណ៍ថ្នាក់ដឹកនាំ ហើយបានធ្វើការអប់រំ ណែនាំដល់អ្នកញៀនល្បែងទាំង ៣នាក់នោះ ឲ្យបញ្ឈប់ប្រព្រឹត្តល្បែងស៊ីសងទាំងនេះ ជាបន្តទៅទៀត ព្រោះវាជាទង្វើខុសច្បាប់។ ម្យ៉ាងទៀត ការប្រព្រឹត្តល្បែងស៊ីសង អាចនាំឲ្យមានការឈ្លោះ ទាស់ទែងគ្នានៅក្នុងរង្វង់គ្រួសារ ហើយអ្នកញៀនល្បែង អាចក្លាយជាចោរលួច ឬចោរប្លន់ ថែមទៀតផង។
នៅក្នុងខណៈនោះផងដែរ អភិបាលស្រុករៀង លោក ហោ ប៊ុនហួរ ក៏បានអនុញ្ញាតឲ្យក្រុមអ្នកញៀនល្បែងប្រុស ស្រី ទាំង៣នាក់ វិលត្រឡប់ទៅកាន់លំដ្ឋានវិញ ក្រោមការធ្វើកិច្ចសន្យា បញ្ឈប់ធ្វើសកម្មភាព ប្រព្រឹត្តល្បែងស៊ីសងគ្រប់ប្រភេទ ចាប់ពីពេលនេះទៅ និងបើនៅតែបន្តប្រព្រឹត្តទៀតនោះ បើមានករណីចាប់បាននៅលើកក្រោយ ត្រូវតែទទួលខុសត្រូវ នៅចំពោះមុខច្បាប់ ជាធរមាន៕