(ខេត្ដកំពង់ចាម)៖ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាលើផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ បន្ថែមចំនួន៥ស្រុក ក្នុងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងថ្នាក់ខេត្ត បានលើកឡើងថា ប្រជាពលរដ្ឋ មានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ប្រមាណជា ៤០ម៉ឺននាក់ នៅក្នុងស្រុកចំនួន៥ នឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បន្ថែម ខណៈប្រជាពលរដ្ឋ ប្រមាណជា ២៨ម៉ឺននាក់ នៅក្នុងក្រុង ស្រុកចំនួន៥ នៃខេត្តកំពង់ចាម ទទួលបានវ៉ាក់សាំងបង្ការ ក្នុងដូសទី១ រួចហើយ ។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា មកដល់ពេលនេះ ស្រុកចំនួន ៥ នៃខេត្តកំពង់ចាម យើង មិនទាន់ដំណើរការចាក់វ៉ាក់សាំងបង្ការ ជូនប្រជាពលរដ្ឋ នៅឡើយទេ ។ ដោយឡែក ក្រុង/ស្រុក ចំនួន ៥ នៃខេត្តកំពង់ចាម មានក្រុងកំពង់ចាម កំពង់សៀម ព្រៃឈរ ជើងព្រៃ និងស្រុកបាធាយ គឺបានដំណើរការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក្នុងដូសទី១ រួចហើយ ដែលជាលទ្ធផល សម្រេចបានប្រមាណជាង ២៨ម៉ឺននាក់ លើផែនការ ប្រមាណ ៣៥ម៉ឺននាក់ ។ ដូចគ្នានោះដែរ ប្រជាពលរដ្ឋ ដែលយើងគ្រោងក្នុងផែនការ ដើម្បី ផ្ដល់វ៉ាក់សាំងបង្ការ នាពេលឆាប់ៗខាងមុខនេះ គឺទៅលើប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មានប្រមាណជា ៤០ម៉ឺននាក់ ។ ហើយផែនការនេះ ក៏គ្រោងនឹងដំណើរការបើកយុទ្ធនាការចាក់ដូសទី១ នៅថ្ងៃទី១៥ កក្កដា ខាងមុខនេះ ។ ដូច្នេះ ស្រុកដែលពាក់ព័ន្ធទាំងអស់ សូមណែនាំដល់អាជ្ញាធរភូមិ ឃុំ ដើម្បី ដឹកនាំប្រជាពលរដ្ឋ ដោយផ្ទាល់ មកទទួលវ៉ាក់សាំង នៅតាមមណ្ឌលនីមួយៗ ។ ជាមួយគ្នានោះ ស្រុកទាំង ៥ ក៏ត្រូវរៀបចំកម្លាំងការពារ ដើម្បី ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក៏ដូចជា សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ផងដែរ ។
បើតាម ឯកឧត្ដមវជ្ជបណ្ឌិត គីមសួរ ភិរុណ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា បច្ចុប្បន្ន វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ ស៊ីណូវ៉ាក់ ទាំងដូសទី១ និងដូសទី ២ មានចំនួន ៥៤៣.២០៦ដូស នឹងបានមកដល់ខេត្តកំពង់ចាម រួចហើយ ។ ដោយឡែក ប្រជាពលរដ្ឋទាំង ៥ស្រុក ត្រូវទទួលវ៉ាក់សាំងបង្ការនេះ មានចំនួន ២៧១.៦០៣នាក់ ។ ដូច្នេះ តាមការប៉ាន់ប្រមាណ វ៉ាក់សាំងទាំងអស់នេះ គឺអាចចាក់ជូនប្រជាពលរដ្ឋទាំង ៥ស្រុក បានហើយ ។
សូមបញ្ជាក់ថា ផ្អែកតាមផែនការ នៃកិច្ចដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ក្នុងជំហ៊ានបន្តនោះ ត្រូវអនុវត្តលើស្រុកសេសសល់ ចំនួន ៥ គឺ ៖ ស្រុកស្ទឹងត្រង់ ចំការលើ ស្រីសន្ធរ កោះសូទិន និងស្រុកកងមាស ។ ក្នុងនោះ ផែនការ នៃយុទ្ធនាការនេះ ត្រូវប្រើប្រាស់បុគ្គលិកពេទ្យ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចំនួន ៦៤០នាក់ ចែកចេញជា ៦៤ក្រុម ដើម្បី បម្រើសេវាចាក់ជូនប្រជាពលរដ្ឋ ក្នុងតំបន់នីមួយៗ ដោយត្រូវអនុវត្ត ចំនួន ៤៣ទីតាំង ៕