(ខេត្តកំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញទទួលបដិសណ្ឋារកិច្ច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងពិធីប្រកាសបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាចក្រកម្ពុជា សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អាជ្ញាធរ ប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។
ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី បានប្រសិទ្ធនាម ស្ពាននេះថាជាស្ពានភ្ជាប់និស្ស័យ។ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងផ្លូវជាតិលេខ៧១C គឺជាគម្រោងយុទ្ធសាស្រ្តប្រទាក់ក្រឡាគ្នាយ៉ាងសំខាន់ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់តភ្ជាប់ទំនាក់ទំនងសកម្មភាពពាណិជ្ជកម្ម និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តជាប់ព្រំប្រទល់គ្នាផ្សេងៗ ទៀត ព្រមទាំងសម្រួលដល់ការដឹកជញ្ជូនពូជដំណាំ ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម ឱ្យកាន់តែរហ័ស កាត់បន្ថយការចំណាយ និងចំណេញពេលវេលា។
នេះជាសមិទ្ធផលថ្មីមួយ និងជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។
គួរបញ្ជាក់ថា៖ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ បានចាប់ផ្តើមសាងសង់ក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។ ស្ពាននេះ ចាប់ផ្តើមស្ពាន ត្រើយខាងលិច ស្ថិតលើផ្លូវខេត្តលេខ២៧១៤ នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គ នៅចំណុចភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ តួស្ពានមានប្រវែង ១,១៣១ម៉ែត្រ ទទឹង ១៣.៥ម៉ែត្រ ក្រាលបេតុងកៅស៊ូកម្រាស់ ៥សង់ទីម៉ែត្រ មានផ្លូវរថយន្តចំនួន ២គន្លង ផ្លូវម៉ូតូចំនួន ២គន្លង ផ្លូវថ្មើរជើងចំនួន ២គន្លង សម្រាប់ទៅមក។ ស្ពាន និងផ្លូវតភ្ជាប់នេះ ត្រូវបានចំណាយពេលសាងសង់ ៤២ខែ ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ចំណាយថវិកាជិត ៥៧លានដុល្លារអាមេរិក៕