ខេត្ដកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ បានចាត់តាំងក្រុមការងារមន្ទីរសុខាភិបាល ចុះបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងផ្សារបឹងកុក ក្រុងកំពង់ចាម ខណៈសេវាកម្ម អាជីវកម្មពេលរាត្រី ត្រូវបិទទ្វារចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ ដោយឡែករម្មណីយដ្ឋានទេសចរណ៍ទាំងអស់ក្នុងខេត្តកំពង់ចាម ត្រូវផ្អាកសកម្មភាព ដែលជាការអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ រយៈពេល២សប្ដាហ៍ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ។
គួរបញ្ជាក់ថា ក្នុងឱកាសឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលឆាប់ៗខាងមុខនេះ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាទ្រង់ទ្រាយធំ និងដោយផ្អែកលើស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ នៅមិនទាន់មានភាពធូរស្រាលនៅឡើយនោះ។ ដើម្បីធានាការពារអាយុជីវិតរបស់បងប្អូន ប្រជាពលរដ្ឋ សុខភាពសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ និងដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចំពោះវិស័យសង្គមកិច្ច ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ក្នុងបរិការណ៍នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ -១៩ រដ្ឋបាលខេត្ត កំពង់ចាម សម្រេចផ្អាកជាបណ្តោះអាសន្នរយៈពេល២ សប្ដាហ៍ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នូវទីតាំងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃ និងសកម្មភាពអាជីវកម្មពេលរាត្រី រួមមានភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់ចល័ត ផ្សារទំនើប ម៉ាត ទីសាធារណៈនានាដែលមានសភាពអ៊ូអរ និងមានមនុស្សជួបជុំក្នុងចំនួនច្រើនជាដើម។
ប៉ុន្តែត្រូវបានលើកលែងនូវការជួបជុំជាលក្ខណៈសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅដ្ឋានជាមួយគ្នា ៕