(ខេត្ដកំពង់ចាម)
៖ រដ្ឋបាលខេត្តកំពង់ចាម បានត្រៀមទីតាំង ចំនួន ១០ កន្លែង សម្រាប់ពលករ – ពលការិនី ធ្វើចត្តាឡីស័ក នៅពេលបើកព្រំដែន កម្ពុជា-ថៃ ឡើងវិញ នៅថ្ងៃទី១២ សីហា និងប្រគល់សាលារៀន ជូនសិស្សានុសិស្ស ដើម្បីបើកបវេសនកាល នាពេលខាងមុខ។
នៅក្នុងកិច្ចប្រជុំមួយ នៅព្រឹកថ្ងៃទី១០ សីហា នេះ លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម បានមាន ប្រសាសន៍ នៅក្នុងសាលាខេត្តនេះថាៈ ឥឡូវ យើងបានចាត់វិធានការ ដាក់ឱ្យអ្នកធ្វើចត្តាឡីស័ក ដែលពាក់ព័ន្ធនឹង ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ឱ្យធ្វើចត្តាឡីស័ក នៅតាមផ្ទះរៀងៗខ្លួនហើយ គឺដើម្បីជៀសវាង ការរស់នៅ សម្រាកព្យាបាល នៅលាយឡំ ជាមួយអ្នកពាក់ព័ន្ធនឹងមេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មី «ដែលតា» (DELTA) ។
នេះបើតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្រោយពីរកឃើញ អ្នកឆ្លងដែលតា ចំនួន ១២ នាក់ នៅក្នុងខេត្តរបស់យើង។
លោកអភិបាលខេត្តកំពង់ចាម បានថ្លែងថា យើងបានត្រៀមឃ្លាំង របស់មន្ទីរពាណិជ្ជកម្ម ចំនួន បី កន្លែង គឺដើម្បីយកទីនោះ ជំនួសសាលារៀន ដែលយើងយកធ្វើចត្តាឡីស័ក និងព្យាបាលកម្រិតស្រាល កន្លងមក ហើយប្រគល់សាលារៀន ទាំងអស់នោះ ឱ្យខាងមន្ទីរអប់រំ យុវជន និងកីឡា ផ្តល់ឱ្យសិស្សានុសិស្ស បានចូលរៀនឡើងវិញ។
លោកបានបន្តថា ក្នុងនោះ ឃ្លាំងនៅស្រុកកំពង់សៀម សម្រាប់ជំនួសឱ្យ វិទ្យាល័យព្រះសីហនុ គឺផ្ទេរការព្យាបាល ជំងឺកូវីដ ១៩ កម្រិតស្រាល និងអ្នកជំងឺទាំងអស់ ទៅកាន់ទីនោះវិញ ហើយឃ្លាំង នៅក្បែរមន្ទីរពាណិជ្ជកម្ម ក្នុងក្រុងកំពង់ចាម និងឃ្លាំងមួយទៀត នៅក្បែរសាលាស្រុកកងមាស សម្រាប់ជាកន្លែងពលករ -ពលការិនី ធ្វើចត្តាឡីស័ក។
ដូចនេះ សាលារៀន ចំនួន ១០ កន្លែង កន្លងមក ដែលយកធ្វើការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ ១៩ យើងប្រគល់សាលារៀន ឱ្យសិស្សវិញ ដើម្បីត្រៀមលក្ខណៈ បើកសាលារៀនឡើងវិញ ក្នុងឆ្នាំសិក្សាថ្មី ខាងមុខនេះ បន្ទាប់ពីពួកគេ (សិស្ស) ចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ រួចរាល់៕