បាងកក៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បី និងធំរបស់ជប៉ុន Toyota Motor បានប្រកាសផ្អាកការផលិតរថយន្ត នៅក្នុងក្នុងប្រទេសថៃ ជាបណ្តោះអាសន្ន ដោយសារកង្វះខាតគ្រឿងបង្គុំ ខណៈដែលក្រុមហ៊ុនផលិតរថយន្ត ស្ទើរតែពាសពេញពិភពលោកបានជួបបញ្ហាកង្វះបន្ទះឈីបជាសកល ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២១ បានឲ្យដឹងថា ក្រុមហ៊ុន ផលិតរថយន្ត Toyota Motors Thailand ដែលជាបុត្រសម្ព័ន្ធរបស់ Toyota Motor បានចេញសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានផ្អាកជាបណ្តោះអាសន្ននូវការ
ផលិតរថយន្តនៅក្នុងរោងចក្រ Ban Pho Plant, Samrong Plant និង Gateway Plant ចាប់ពីថ្ងៃទី ២០ កក្កដា ២០២១ ។
សូមជម្រាបថា រោងចក្រទាំង ៣ ខាងលើនៅក្នុងប្រទេសថៃនេះ មានសមត្ថភាពអាចផលិតរថយន្ត Toyota បានប្រមាណ ៥៥០០០០ គ្រឿងក្នុងមួយឆ្នាំៗ ។
គួរបញ្ជាក់ថា ការបិទរោងចក្រនៅក្នុងប្រទេសថៃគឺដោយសារតែកង្វះគ្រឿងបង្គំដែលបណ្តាលមកពីវិបត្តិឆ្លងរាលដាលនៃវីរុស កូវីដ-១៩ ។ ហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Toyota ក៏បានផ្អាកការផលិតរថយន្តនៅក្នុងរោងចក្រមួយនៅខេត្ត Aichi ប្រទេសជប៉ុនដោយសារខ្វះគ្រឿងបង្គុំផងដែរ ៕ ដោយ៖ សុវណ្ណារាជ