(ខេត្ដព្រៃវែង)៖ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញប្រគល់រថយន្តសង្រ្គោះបន្ទាន់ ចំនួន១ គ្រឿង (Ambulance) របស់ក្រសួងសុខាភិបាល ដែលបានឧបត្ថម្ភដល់មន្ទីរពេទ្យបង្អែកស្រុកកំចាយមារ ខេត្តព្រៃវែង សំរាប់បម្រើការងារសង្គម និងការងារជួយសង្គ្រោះជនរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ ពិសេស យុទ្ធនាករសង្រ្គោះជនរងគ្រោះក្នុងកំឡុងពេលវិបត្តិកូវីដ-១៩នេះតែម្តង។
ពិធីប្រគល់ និងទទួលបានធ្វើឡើងនៅបរិវេណនៃសាលាខេត្តព្រៃវែង ដោយមានការ អញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត នាយក(រង)សាលាខេត្ត និងលោកប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងសហការី។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម អភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងសុខាភិបាលនូវអំណោយដ៏ថ្លៃថ្លា ដែលបានប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកកំចាយមារ នាពេលនេះ ក្នុងខណៈពេលដែលមន្ទីរពេទ្យបង្អែកយើង កំពុងតែចូលរួមយ៉ាងសកម្មក្នុងការតស៊ូ បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៍ដូចជា ពង្រឹងវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមទូទៅ ក្នុងការថែរក្សាសុខភាពសាធារណៈ សុខភាព អាយុជីវិតពលរដ្ឋ និងសង្គមជាតិផងដែរ។
ជាចុងក្រោយ ឯកឧត្ដម អភិបាលខេត្ត សូមជូនពរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល សូមមានសុខភាពល្អបរិបូរណ៍ ជៀសផុតពីជំងឺកូវីដ-១៩ និងជួបតែពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕