(ព្រៃវែង)៖ មនុស្សចំនួន៤នាក់ ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ហើយត្រូវសាលាដំបូងខេត្តព្រៃវែង សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្នុងសំណុំរឿង២ផ្សេងគ្នា ដោយមិនពាក់ព័ន្ធ និងនិន្នាការនយោបាយ.!។
យោងសេចក្ដីប្រកាសព័ត៌មាន របស់សាលាដំបូងខេត្តព្រៃវែង ដែលសារព័ត៌មានយើងទទួលបាន នៅយប់ទី១៩.០៤.២០២៣។
បានឱ្យដឹងថាៈជនត្រូវចោទមានចំនួនសរុប៤នាក់៖
ទី១៖ ឈ្មោះ អៀង ជា ភេទប្រុសអាយុ៥២ឆ្នាំ!។
២៖ ឈ្មោះ ហេង សំអឿន។
ជនត្រូវចោទទាំង២នាក់នេះ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រៃវែង សម្រេចឃុំខ្លួន ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន កាលពីថ្ងៃទី១៣.០៤.២០២៣។
ពីបទ”ការក្លែងបន្លំ.ប្រើប្រាស់លិខិតក្លែង”និងបទ”សមគំនិតអំពើក្លែងបន្លំ” តាមមាត្រា២០៤ និងមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ។
រីឯជនត្រូវចោទ២នាក់ទៀត៖
ទី១៖ ឈ្មោះ សេង វិសាល(ហៅទូច)ភេទស្រីអាយុ៤៩ឆ្នាំ។
និងទី២៖ ឈ្មោះ ប៊ិន ចូង ភេទប្រុសអាយុ៦២ឆ្នាំ អ្នកទាំង២នាក់នេះ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រៃវែង សម្រេចឃុំខ្លួន ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន នៅថ្ងៃទី១៩.០៤.២០២៣។
ពីបទ”ការក្លែងបន្លំ.ប្រើប្រាស់លិខិតក្លែង”និងបទ”សមគំនិតអំពើក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង” តាមមាត្រា២០៤ និងមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ! ។
ជាមួយគ្នានោះលោក ចាន់ វណ្ណះ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តព្រៃវែង បានបញ្ជាក់ប្រាប់សារព័ត៌មាន យើង នៅយប់ទី១៩.០៤.២០២៣ថាៈ រាល់នីតិវិធីនៃការចោទប្រកាន់ និងឃុំខ្លួនជនត្រូវចោទទាំង៤នាក់ខាងលើ ។
គឺមិនពាក់ព័ន្ធ និងនិន្នាការនយោបាយនោះទេ.ពោលគឺពួកគាត់ ប្រព្រឹត្តបទល្មើសដោយខ្លួនឯង។
បើតាមលោក ចាន់ វណ្ណះ ក្នុងរឿងរ៉ាវនេះ មានជនរងគ្រោះជាដើមចោទ ចំនួន២នាក់ផ្សេងគ្នា ហើយសំណុំរឿង ក៏២ដាច់ដោយឡែកពីគ្នាដែរ!។
សំណុំរឿងទី១៖ លេខ២០៣ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ដែលមានដើមចោទឈ្មោះ ឈឺ ឈាន ភេទប្រុសអាយុ៥០ឆ្នាំ បានប្ដឹង”ឈ្មោះ អៀង ជា និងឈ្មោះ ហេង សំអឿន”។
សំណុំរឿងទី២៖ លេខ២៥៦ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ដែលមានដើមចោទឈ្មោះ ប៉ង់ ហ៊ុន បានប្ដឹង”ឈ្មោះ សេង វិសាល និងឈ្មោះ ប៊ិន ចូង”។
បច្ចុប្បន្នៈ ជនត្រូវចោទទាំង៤នាក់ខាងលើ កំពុងត្រូវបានឃុំខ្លួន នៅពន្ធនាគារខេត្តព្រៃវែង៕