ខេត្ដកំពង់ចាម៖កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៣ខែដើមឆ្នាំនិងលើកទិសដៅសម្រាប់អនុវត្តបន្តត្រីមាសទី២ឆ្នាំ២០២១នៅសាលាខេត្តកំពង់ចាមកាលពីថ្ងៃទី២៨ ខែមេសាឆ្នាំ២០២១។
កិច្ចប្រជុំនេះក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម។
ឯកឧត្តមបានបន្តថា៖មន្ត្រីក្រុមប្រតិបត្តិធ្វើជាសេនាធិការឱ្យគណៈកម្មាធិការសាខា ក្នុងការដឹកនាំជំរុញធ្វើឱ្យវិស័យស្នូលទាំង ៤នៃកាកបាទក្រហមកម្ពុជា រយៈពេល ១ត្រីមាស ដើមឆ្នាំ២០២១នេះ។
ទោះបីជាត្រូវប្រឈមនឹងហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏សាខាបានពុះពារធ្វើសកម្មភាពរហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ។ ជាពិសេសការផ្តល់ជំនួយសង្រ្គោះ ក៏ដូចជាការផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះ បានទាន់ពេលវេលា ស្របតាមទិសស្លោក” ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពជា ” ។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានជំរុញដល់អ្នកពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ បន្តសហការ ក្នុងការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជាមួយការបន្តផ្សព្វផ្សាយនូវវិធានការ ” ៣ការពារ ៣កុំ និង២ចូលរួម ” របស់រាជរដ្ឋាភិបាលកម្ពុជា និងវិធានការ ការណែនាំនានា របស់ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ដើម្បីកាត់ផ្តាច់ខ្សែចម្លងនៃវីរុសកូរ៉ូណាបម្លែងថ្មី និងរួមគ្នាបន្តសកម្មភាពប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ នៅកម្ពុជា ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានធ្វើការអំពាវនាវ ដល់សប្បុរសជន ក្នុងវិស័យរដ្ឋ- វិស័យឯកជន សូមមេត្តាជួយឧបត្ថម្ភគាំទ្រដល់សាខា ដោយសទ្ធាជ្រះថ្លា ក្នុងស្មារតីនៃវប្បធម៌ចែករំលែក ដើម្បីសាខា បន្តផ្តល់សេវាកម្មមនុស្សធម៌ ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវិដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ ក៏ដូចជាត្រៀមឆ្លើយតប ជួយជនរងគ្រោះដោយមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះ ដែលជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ក្នុងទូទាំងខេត្តកំពង់ចាមផងដែរ ៕