(ខេត្តមណ្ឌលគិរី)៖នៅព្រឹកថ្ងៃទី២៩ខែមេសាឆ្នាំ២០២១សមត្ថកិច្ចជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានបញ្ជួនជនសង្ស័យជាអ្នកកាសែតម្នាក់ទៅតុលាការពាក់ព័ន្ធបទល្មើសដីធ្លីនិងព្រៃឈើ។
លោក សយ ស៊ីថា ភ្នាក់ងារកាសែត ដេលីប្រេកឃីងញូត្រូវមន្ត្រីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ជួនទៅតុលាការក្រោយរកឃើញថាបានកាប់គាស់រុករានឆ្កាដុតដីព្រៃក្នុងដែនជម្រកសត្វព្រៃកែវសីមាម្តុំក្បែរទឹកខួបស្ថិតក្នុងភូមិអូរណាឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី ក្នុងទំហំដី៥ហិកតា។
កំណត់ហេតុបទល្មើសនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីលេខ៣៥ចុះថ្ងៃទី២៧ខែមេសា បានបង្ហាញថា ក្រុមកាងារដែលដឹកនាំដោយលោករ័ត្នសុវណ្ណ អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនៅថ្ងៃទី២៨មេសាក្រោមការសម្របសម្រួលពីលោកម៉ម វណ្ណដា ព្រះរាជអជ្ញារង បានចាប់ជនសង្ស័យម្នាក់ឈ្មោះសយ ស៊ីថាអាយុ៤៧ឆ្នាំដែលអង្គុយក្នុងហាងកាហ្វេអប្សរា កណ្តាលក្រុងសែនមនោរម្យ។
ក្នុងកំណត់ហេតុដដែល ជនសង្ស័យបានជួលមនុស្ស៤នាក់មានឈ្មោះយោគថន,ចាន់ ប៊ុណ្ណាថេត,រ៉នសេងឃាង,ចាន់ប៊ុនថង ចូលដាំដំឡូងលើទីតាំងដីដែលបានលួចកាប់ឆ្ការដុតដើម្បីយកធ្វើជាកម្មសិទ្ធដែលជាប់ពាក្យបណ្តឹងនៅតុលាការ ដោយសកម្មភាពនេះផ្ទុយនិងច្បាប់ស្តីពីតំបន់កាពារធម្មជាតិ។
ក្នុងកំណត់ហេតុដដែលបានបញ្ជាក់ថា៖លោកសយ ស៊ីថា ជាជនសង្ស័យនិងរងការចោទប្រកាន់ពីបទកាប់គាស់ រុករានដីព្រៃ ឆ្ការដុតដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិត្រូវផ្តន្ទាទោសតាមមាត្រា៦២ចំណុច១និងមាត្រា៥៦បទល្មើសថ្នាក់ទី៤នៃច្បាប់ស្តីពីតំបន់កាពារធម្មជាតិ ដែលត្រូវជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំនិងពិន័យជាប្រាក់ពី១៥លានទៅ១៥០លានរៀល៕