ខេត្តបាត់ដំបង៖ មន្ត្រីអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡបានឱ្យដឹងថាមានករណីផ្ទុះគ្រាប់មីនសល់ពីសម័យសង្គ្រាមបានកើតឡើងនៅរសៀលថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០ ២១ ត្រង់ចំណុចអារី ក្នុងភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
បុរសរងគ្រោះមាន ឈ្មោះស៊ឹម ស៊ូ អាយុ៥២ឆ្នាំ រស់ នៅភូមិប៉ែន ឃុំរបស់មង្គល ស្រុកមោងឫស្សី។
មុនគ្រោះថ្នាក់កើតឡើងជនរងគ្រោះបានបើកត្រាក់ទ័រភ្ជួរដីចម្ការឱ្យឪពុកក្មេកនៅចំណុចកើតហេតុក៏ស្រាប់តែជាន់មីនតោនដែលកប់នៅក្នុងដីបណ្តាលឱ្យផ្ទុះកក្រើកដីរងរបួសធ្ងន់តែម្តង ហើយបានស្លាប់ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកឯត្រាក់ទ័រប៉ើងក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ។
លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរ បាលស្រុក គាស់ក្រឡបានបញ្ជាក់ថា ចំណុចកេីតហេតុខាងលើនេះជាអតីតសមរភូមិប្រយុទ្ធគ្នា ខ្លាំង ហេីយដីដែលជនរងគ្រោះបានភ្ជួររាស់នេះគឺជាដីថ្មី ដែលឪពុកក្មេករបស់គាត់ទេីប កាប់ឆ្ការរានថ្មីរួចចុះភ្ជួរជាលេីកដំបូង ទើបជួបគ្រោះថ្នាក់បែបនេះ។
លោកអធិការបន្ថែមថា នៅលើទីតាំងកើតហេតុនេះដែរកន្លងមកខាងអង្គភាពជំនាញដោះមីនមិនទាន់បានរុករក បោសសម្អាតនៅឡេីយ ។
ចំពោះបញ្ហាគ្រោះថ្នាក់នេះ លោកនឹងរាយការណ៍ទៅអង្គភាព CMAC ដេីម្បីឱ្យជួយអន្តរាគមន៍បោសសម្អាតនៅពេលក្រោយ៕