(ខេត្ដបាត់ដំបង)៖ កម្លាំងចម្រុះឈរជើងតាមខ្សែបន្ទាត់ព្រំដែន បានសហការជាមួយសមត្ថកិច្ចថៃ បានឃាត់ខ្លួនមេខ្យល់ចំនួន២នាក់ និងពលករខ្មែរប្រុស ស្រីចំនួន១៩នាក់
ករណីលួចឆ្លងដែនចូលទៅប្រទេសថៃ ដោយខុសច្បាប់ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នៅត្រង់ចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
លោក សុង សុភ័ក្ត អភិបាលស្រុកភ្នំព្រឹក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកភ្នំព្រឹក បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន ប្រចាំខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ យ៉ាងដូច្នេះថា កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ធ្វើការស្រាវជ្រាវ និងបានឃាត់ខ្លួនមេខ្យល់ចំនួន០២នាក់ រួមមាន៖ទី១៖ ឈ្មោះ ផូ ផាត អាយុ៣៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំព្រៃផ្តៅ ស្រុកពារាំង ខេត្តព្រៃវែង
ទី២៖ ឈ្មោះ សា ផាត ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅភូមិភ្នំតូចឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
បើតាមលោក សុង សុភ័ក្ត, ក្រោយឃាត់ខ្លួនមេខ្យល់ទាំង០២នាក់ខាងលើនេះ ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។
ចំណែកពលករខ្មែរ ដែលឆ្លងដែនខុសច្បាប់ចំនួន១៩នាក់ ក្នុងចំណោមនេះក៏មានស្ត្រី១នាក់ ពលករទាំងនោះមកពីខេត្តត្បូឃ្មុំ ចំនួន ៦នាក់, ខេត្តព្រៃវែង ៧នាក់ និងមកពីខេត្តកំពង់ឆ្នាំង ចំនួន ៦នាក់ ភ្លាមៗក្រោយឃាត់ខ្លួន ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក តាមបណ្តាខេត្តរៀងៗខ្លួនវិញ រយៈពេល១៤ថ្ងៃផងដែរ៕