(ខេត្ដកំពង់ចាម)៖អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធឲ្យចុះពិនិត្យ និងដោះស្រាយ ករណីរំលោភបំពានដីចំណីផ្លូវ និងការសាងសង់សំណង់មួយចំនួនធ្វេីឲ្យប៉ះពាល់ដល់ ប្រឡៃទឹក ស្ថិតនៅក្នុងឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ការណែនាំយ៉ាងដូច្នេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ចំពោះករណីរំលោភបំពានដីចំណីផ្លូវ និងការសាងសង់សំណង់មួយចំនួនធ្វេីឲ្យប៉ះពាល់ដល់ប្រឡៃទឹកខាងលើ ដែលឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងនេះ សូមឲ្យ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត ដឹកនាំមន្ត្រីពាក់ព័ន្ធ ដែលមានមន្ទីររ៉ែនិងថាមពល មន្ទីរធនធានទឹកនិងឧតុនិយម មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត រួមនឹងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ ជាពិសេសគឺត្រូវធ្វើការដោះស្រាយនៅនឹងកន្លែងតែម្ដង ប្រសិនជាពិនិត្យទៅឃេីញថាមានបញ្ហាមិនប្រក្រតីណាមួយនោះ ហើយក្នុងនោះក៏ត្រូវអញ្ជើញគូរភាគី រវាងដេីមបណ្តឹង និងអ្នកពាក់ព័ន្ធឲ្យចូលរួមផងដែរ ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្តីព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំខែវិច្ឆិកា និងលេីកទិសដៅការងារប្រចាំខែធ្នូ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម ។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤) របស់រដ្ឋបាលខេត្ត។
៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងប្រតិទិនការងារ កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលខេត្ត។
៥-បញ្ហាផ្សេងៗ ៕