(ភ្នំពេញ)៖ឆក់ទូរស័ព្ទ Iphone 8+ បានសម្រេច តែត្រូវនារីក្លាហានទាំង២ ជិះដេញតាមរហូតភ័យស្លន់ស្លោដួលរត់ចោលម៉ូតូ មិនដឹងចំណេញ ឬខាតទេមួយក្តានេះ ?
នារីរងគ្រោះពីរនាក់ មានទីលំនៅនៅម្ដងសង្កាត់ព្រែកលាប ហើយបានទៅហូបស៊ុបនៅម្ដុំខាងជើងវត្តភ្នំ លុះពេលហូបស៊ុបរួចហើយពួកគេទាំងពីរនាក់ជិះម៉ូតូឌុបគ្នាឆ្ពោះទៅផ្ទះវិញដោយធ្វើដំណើរតាមផ្លូវលេខ៤៧ពីត្បូងមកជើង ។
ខណៈពេលដែលកំពុងតែជិះម៉ូតូនោះនារីម្នាក់បានលើកទូរស័ព្ទតេទៅម្ដាយ គាប់ជួនពេលនោះក៏មានជនសង្ស័យ២នាក់ជិះម៉ូតូ តាមមកពីក្រោយ ក៏ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាក iphone 8 plus មួយគ្រឿងរបស់ នាងក៏បើកម៉ូតូដេញតាមប្រផាប់ប្រភីងព្រមទាំងស្រែកឆោឡោថា ចោរផងនោះ លុះមកដល់ចំណុចកើតហេតុជនសង្ស័យទាំងពីរនាក់ក៏ភ័យស្លន់ស្លោដួលម៉ូតូ ហើយរត់ប្រាស់ក្រញ៉ាំអស់ចោលម៉ូតូមួយគ្រឿងនៅចំណុចកើតហេតុតែម្ដង។
ហេតុការណ៍នោះដែលបានកើតឡើងកាលពីរាត្រីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចក្បែររង្វង់មូលគួចកាណុងក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បន្ទាប់ពីកើតហេតុរួចមកសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្រះចក ក៏បានចុះមកដល់កន្លែងកើតហេតុ ដកយកម៉ូតូរបស់ជនសង្ស័យម៉ាកសេ125 មួយគ្រឿងនោះ ព្រមទាំងនាំពួកនាងដែលជាជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងដើម្បីធ្វើការស្រាវជ្រាវរកមុខសញ្ញា និងស្លាកលេខម៉ូតូ ដែលជាសញ្ញាមួយឈាន ទៅដល់ចាប់ក្រុមជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
អ្នកប្រមាញ់ព័ត៌មាន២
ប្រភព៖ កម្ពុជាថ្មី