ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកេីតហេតុ ខណៈកំពុងជិះម៉ូតូតាមផ្លូវត្រូវបានរថយន្តហុីយ៉ាន់ដាយ ដឹកទំនិញធុនធំបើកបុកពីក្រោយ និងកិនអូសជិត១០ម៉ែត្រ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១ និង ៣០នាទីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចគល់ស្ពានព្រែកជ្រៃ ក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ។
តៃកុងរថយន្តបង្កមានឈ្មោះ ប៉ក់ កវី ភេទប្រុស អាយុ២០ឆ្នាំ អាស័យដ្ឋាន ភូមិព្រៃតាម៉ៅ ឃុំគីរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ ។ ចំណែកសពជនរងគ្រោះមានឈ្មោះ សុឹម ចាន់ឌឿន ភេទប្រុស អាយុ៣៥ឆ្នាំ អាស័យដ្ឋានភូមិពពេល ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ កំពង់ធំ 1D-6269 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុក៏មានរថយន្តបង្កម៉ាក ហុីយ៉ាន់ដាយ (ប្រភេទដឹកទំនិញធុនធំ)ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-2722 បានធ្វេីដណេីរមកពីក្រោយក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកម៉ូតូពីក្រោយ និងកិនជនរងគ្រោះអូសជិត១០ម៉ែត្រ បណ្ដាលឱ្យជនរងគ្រោះស្លាប់ក្នុងថ្លុកឈាមនៅកន្លែងកើតហេតុ ចំណែកតៃកុងរថយន្តបង្កត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្តបង្ក ព្រមទាំងនាំតៃកុង និងយកម៉ូតូជនរងគ្រោះទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នាពេលក្រោយ ។
ចំណែកឯសពជនរងគ្រោះសមត្ថកិច្ចបានធ្វេីកំណត់ហេតុ និងទាក់ទងទៅខាងក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕