(កណ្ដាល)៖ នៅរសៀលថ្ងៃទី០៣.០៥.២០២៣ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង គណៈអភិបាលក្រុងអរិយក្សត្រ ដែលទើបបង្កើតថ្មី។
ពិធីនេះ ធ្វើឡើងនៅសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ដែលមានការចូលរួមពីមន្ត្រី ពាក់ព័ន្ធ។
ក្នុងនោះលោក អ៊ុំ ចន អតីតប្រធានក្រុមប្រឹក្សាស្រុកខ្សាច់កណ្ដាល ត្រូវបានប្រកាសតែងតាំង ជាប្រធានក្រុមប្រឹក្សាក្រុងអរិយក្សត្រ។
លោក ចាន់ តារា អតីតអភិបាលរងស្រុកខ្សាច់កណ្ដាល ត្រូវបានប្រកាសតែងតាំង ជាអភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ។
ទន្ទឹមនិងនោះ ក៏មានការប្រកាស សមាសភាព ក្រុមប្រឹក្សាក្រុងអរិយក្សត្រ រួមនិងអភិបាលរងក្រុងអរិយក្សត្រផងដែរ។
ដោយអភិបាលរងក្រុងអរិយក្ស មានចំនួន៦រូប៖
ទី១៖ លោក ផៃ ច័ន្ទសុភី ផ្ទេរពីអភិបាលរងស្រុកល្វាឯម។
២៖ លោក ផុន គឹមឡុង។
៣៖ លោក ស៉ឹង សុផាន់ណា។
៤៖ លោក ជា ហ៊ោ ។
៥៖ លោក ចាន់ គឿយ។
និងទី៦៖ លោកស្រី ធី សុវណ្ណថា ។
សូមបញ្ជាក់ថាៈ ក្រុងអរិយក្សត្រ គឺជាក្រុងថ្មីមួយ របស់ខេត្តកណ្តាល ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងតាមរយៈអនុក្រឹត្យចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។
ក្រុងអរិយក្សត្រ ដែលបង្កើតថ្មី មានសង្កាត់ចំនួន១១ ដោយកាត់ពីស្រុកខ្សាច់កណ្តាលចំនួន៦ឃុំ និងពីស្រុកល្វាឯម ចំនួន៥ឃុំ។
សង្កាត់ទាំង១១ នៃក្រុងអរិយក្សត្ររួមមាន៖ សង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រុំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង។
សូមជម្រាបថាៈ ទីតាំងក្រុងអរិយក្សត្រ ស្ថិតក្នុងសង្កាត់អរិយក្សត្រ ដែលមានលោក ចាន់ តារា អតីតអភិបាលរងស្រុកខ្សាច់កណ្ដាល ជាអភិបាលក្រុង៕