កណ្ដាល៖ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ
លោកស្រី ប៊ុន ម៉ាណែត ត្រូវជាប្រពន្ធម្ចាស់ហាង គោលដៅចាស់ ឈ្មោះ ឡាវ អ៊ូ បានរៀបរាប់ទាំងទឹកភ្នែកឲ្យសកម្មជនហ្វេសប៊ុកកម្ពុជាបានដឹងថា គាត់ពិបាកចិត្តណាស់ សូមជួយគាត់ផង គាត់ជិតគ្រប់ខែហើយ នៅសល់តែ៨ថ្ងៃទៀតទេ សូមបងសកម្មជនហ្វេសប៊ុកកម្ពុជាជួយផ្សព្វផ្សាយផង គាត់ដឹងកំហុសហើយ សូមមេត្តាឯកឧត្ដមស្នងការនគរបាលខេត្តកណ្តាលមេត្តាជួយសម្រួលទោសដល់ប្ដីគាត់ផង គាត់ពិតជាត្រូវការប្ដីនៅជួយមើលថែពេលគាត់សម្រាលកូននៅប៉ុន្មានថ្ងៃខាងមុខនេះ។
បើយោងតាមលោកស្រី ហ៊ុយ ផល្លីន ត្រូវជាម្ដាយក្មេករបស់ម្ចាស់ហាងគោលដៅចាស់បានឲ្យដឹងដែរថា គាត់ពិតជាសោកស្តាយណាស់ ដែលមានមិត្តភក្តិកូនប្រសារគាត់សុំហូបបាយជុំគ្នា ក៏ស្រាប់តែកើតមានបញ្ហានេះឡើង។ លោកស្រីបានស្នើសុំឱ្យឯកឧត្តមស្នងការនគរបាលខេត្តកណ្តាលមេត្តាជួយសម្រួលទោសដល់កូនប្រសារគាត់ដោយសេចក្ដីអនុគ្រោះផង ព្រោះកូនគាត់មិនបានបើកជាសាធារណៈទេ គ្រាន់តែលក់ខ្ចប់ដើម្បីសន្សំលុយទុកឲ្យប្រពន្ធឆ្លងទន្លេផង ថ្លៃហាងផង និងថ្លៃអ្នកធ្វើការផង។
ជាងនេះទៅទៀត លោកស្រី ឡុង គន្ធា ម្ដាយបង្កើតរបស់ម្ចាស់ហាង ឡៅ អ៊ូ បានឲ្យដឹងដែរថា គាត់មិននឹកស្មានដល់ថាមានរឿងអញ្ចឹងសោះ គាត់ពិតជាសោកស្តាយណាស់ដែលកូនគាត់បានល្មើសនឹងបំរាមរបស់អាជ្ញាធរខេត្តកណ្ដាល។ លោកស្រីបន្តទៀតថា ទោះបីជាយ៉ាងនេះក្តី ក្នុងនាមម្ដាយសូមការអភ័យទោស សូមការអធ្យាស្រ័យពីឯកឧត្តមអភិបាលខេត្តកណ្ដាលនិងឯកឧត្ដមស្នងការខេត្តកណ្ដាលនិងអាជ្ញាធរមានសមត្ថកិច្ច សូមមេត្តាជួយសម្រួលទុក្ខទោះដល់កូនប្រុសគាត់ សុំធ្វើកិច្ចសន្យាទទួលទោស បង់ថ្លៃផាកពិន័យ និងសន្យាថា ឈប់ឲ្យកូនប្រុសប្រព្រឹត្តខុសជាលើកទី២ទៀតហើយ ណាមួយកូនប្រសារនាងខ្ញុំក៏ជិតគ្រប់ខែឆ្លងទន្លេ ហើយនាងខ្ញុំក៏ទើបបកភ្នែកទៀត។
គួរជម្រាបថា ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដោយមានកិច្ចសហការជាមួយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការឡោមព័ន្ធទីតាំងហាងយីហោ គោលដៅចាស់ និងឃាត់ខ្លួនបានមនុស្សចំនួន១៤នាក់នៅចំណុចជិតផ្សារកាច់ជ្រុង ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល៕