ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចុះពិនិត្យ​វឌ្ឈនភាពនៃការស្ថាបនាផ្លូវ​បេតុង២ខ្សែ​ ប្រវែងជាង១៥០០ម៉ែត្រ និងប្រព័ន្ធលូបង្ហូរទឹក ក្នុងសង្កាត់បឹងកុក

(ខេត្ដកំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ អមដំណើរដោយ​មន្ត្រី​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ នាព្រឹក​ថ្ងៃទី​៥ ខែសីហា ឆ្នាំ២០២១នេះ​ បានអញ្ជើញចុះពិនិត្យ​វឌ្ឍនភាព​នៃ​ការស្ថាបនាផ្លូវ​បេតុង​អាមេ​ ២ខ្សែ​ ប្រវែង​ជាង១៥០០ ម៉ែត្រ និងប្រព័ន្ធ​លូបង្ហូរទឹក ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ។​

ក្នុង​ដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​ការ​ស្ថាបនា​​ផ្លូវ​ខាង​លើនេះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ធ្វើការ​សាកសួរ​សុខទុក្ខ​ និង​អំពាវនាវ​ដល់​​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​អម​សងខាង​ផ្លូវ​ ឲ្យ​ចូលរួម​ជាមួយ​អាជ្ញាធរ​ ដេីម្បី​បន្ត​ការ​អភិវឌ្ឍន៍​ និង​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ផងដែរ​ ។

ជាមួយ​ការ​ស្ថាបនា​ផ្លូវ​​នេះ​ បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្នុង​តំបន់​នោះ​ ពិត​ជា​​មាន​ការ​ត្រេកអរ​ជា​ខ្លាំង​ បេី​ទោះជា​ស្ថិត​ក្នុង​បរិបទ​កូវីដ​-១៩​ អាជ្ញាធរ​ខេត្តកំពង់ចាម​ នៅតែ​បន្ត​ធ្វើការ​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​ ​ជាក់ស្តែង​ដូចជា​ការ​ស្ថាបនា​ពី​ផ្លូវ​ដី​ ទៅ​ជា​ផ្លូវ​បេតុង​​​នេះ​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើដំណើរ​​ ពីសំណាក់​បងប្អូន​​ប្រជាពលរដ្ឋ​។

មន្ត្រីបច្ចេកទេសនៃទីចាត់ការផែនការវិនិយោគខេត្តកំពង់ចាម បានឲ្យដឹងថា ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែងជាង១៣០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និង មួយ ខ្សែ ទៀត ប្រវែងជាង ២០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ និង ស្ថាបនា លូរំដោះទឹក ប្រវែង ជាង ១០០០ ម៉ែត្រ និង លូ ដែល ត្រូវ ជួសជុល ប្រវែងជាង ៤០០ ម៉ែត្រ ។

លោក​បានបញ្ជាក់ថា គម្រោង ស្ថាបនា​ផ្លូវ​ ខាងលើនេះ គឺជាគម្រោង ស្ថាបនា តទៅ ក្នុង ថវិកា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម ។

មន្ត្រីបច្ចេកទេស ដដែល បានរំលឹកផងដែរថា ក្នុងឆ្នាំកន្លងទៅ ពេលរដូវវស្សា អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត តែងតែបាន ចុះពិនិត្យរាល់ពេល មាន ជំនន់ទឹកភ្លៀង ក្នុងភូមិ មួយចំនួន នៅក្នុងសង្កាត់ បឹងកុក ដើម្បីរកវិធីសាស្ត្រ ដោះស្រាយ ។

ហេតុដូច្នោះហើយ ទើបមកដល់ បច្ចុប្បន្ន នេះ អាជ្ញាធរខេត្តកំពង់ចាម បានអភិវឌ្ឍ ស្ថាបនាផ្លូវបេតុងអាមេ និង ស្ថាបនា លូរំដោះទឹក ដើម្បី បញ្ចៀសការជន់លិច ដោយជំនន់ទឹកភ្លៀងដូច ឆ្នាំមុនៗ ទៀត​ ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *