ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

Update៖ តុលាការកំពុងចាត់វិធានការ លើលោកអធិការរងស្រុកបាភ្នំ ក្រោយចុះបង្ក្រាបល្បែងផ្ទុះអាវុធ បណ្ដាលឱ្យពលរដ្ឋម្នាក់របួសធ្ងន់!

(ខេត្តព្រៃវែង)៖ នៅល្ងាចថ្ងៃទី១៩.០៤.២០២៣នេះលោក ចាន់ វណ្ណះ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តព្រៃវែង។
បានថ្លែងប្រាប់«សារព័ត៌មាន»ក្នុងស្រុកថាៈ ខណៈពេលនេះ ស្ថាប័នអយ្យការ កំពុងសាកសួរជនសង្ស័យឈ្មោះ ស៊ាន ប៊ុនណាល់ អធិការរងស្រុកបាភ្នំ ដើម្បីធ្វើការចោទប្រកាន់តាមនីតិវិធី។

បើតាមលោក ចាន់ វណ្ណះ សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ស៊ាន ប៊ុនណាល់ មកដល់អយ្យការអមសាលាដំបូងខេត្តព្រៃវែង នៅរសៀលទី១៩.០៤.២០២៣។

ការបញ្ជូនខ្លួនជនសង្ស័យរូបនេះ មកកាន់តុលាការខេត្តព្រៃវែង បានធ្វើឡើង បន្ទាប់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ណែនាំឱ្យស្នងការនគរបាលខេត្តព្រៃវែង អនុវត្តគោលការ ៣ចំណុចដូចខាងក្រោមៈ
១.ឃាត់ឲ្យជនសង្ស័យនៅស្នងការដ្ឋាននគរបាលខេត្ត ផ្អាកការងារ ។

ទី២.បញ្ជូនឯកសារទាំងស្រុង ទៅតុលាការវិនិច្ឆ័យតាមច្បាប់។

ទី៣.ឲ្យស្នងការ សួរសុខទុក្ខ និងសុំទោសដល់ គ្រួសារ ព្រមទាំងដោះស្រាយជាគោលនយោបាយ សម្រាប់ព្យាបាល”។

ជុំវិញករណីនេះដើមចមដំបូង កាលពីថ្ងៃទី១៥.០៤.២០២៣ ត្រូវនិងថ្ងៃចូលឆ្នាំទី២។
មានសមត្ថកិច្ចប៉ូលិសស្រុកបាភ្នំចំនួន៤នាក់ ដឹកនាំដោយឈ្នោះ ស៊ាន ប៊ុនណាល់(ជនសង្ស័យ)បានចុះបង្ក្រាបល្បែងបញ្ជល់មាន់ត្រង់ចំណុចភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ហើយក៏មានករណីផ្ទុះអាវុធ បណ្ដាលឱ្យជនរងគ្រោះរបួសធ្ងន់តែម្ដងទៅ។

អ្នកឃើញហេតុការណ៍ផ្ទាល់បានអះអាងថាៈ នៅមុនកើតហេតុមានពលរដ្ឋ លួចលេងល្បែងជល់មាន់ ខណៈនោះស្រាប់តែ លេចមុខសមត្ថកិច្ចប៉ូលិសចំនួន៤នាក់ ស្លៀកពាក់ស៊ីវិល ។

ចុះមកដល់ បណ្ដាលឱ្យអ្នកលេងជល់មាន់ រត់ចែកជើងគ្នា
ទន្ទឹមនិងនោះស្រាប់តែឈ្នោះ ស៊ាន ប៊ុនណាល់ ដកកាំភ្លើងខ្លីពីចង្កេះ បាញ់ ១គ្រាប់ បណ្ដាលឱ្យត្រូវពីក្រោយនៃចង្កេះជនរងគ្រោះ។
ដែលកំពុងអង្គុយលើម៉ូតូ មើលគេលេងមាន់ជល់ ជាហេតុនាំឱ្យជនរងគ្រោះ ដួលដេកស្ដូកទៅនឹងដីរបួសធ្ងន់!។
ជាហេតុនាំឱ្យពលរដ្ឋ នាំគ្នាចាប់ជនដៃដល់ រួមនិងប៉ូលិស៣នាក់ ទៀតតែម្ដង។

ក្នុងនោះជនរងគ្រោះ ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្កែកស្រុកបាភ្នំ.តែដោយស្ថានភាពធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តទៅ«មន្ទីរពេទ្យជោរៃភ្នំពេញ» ហើយគ្រូពេទ្យនៅទីនោះ បានព្យាយាមវះកាត់ ដើម្បីយកក្បាលគ្រាប់ចេញ។
ប៉ុន្តែការវះកាត់នោះ មិនអាចយកក្បាលគ្រាប់ចេញពីថ្លើមបានឡើយ។

ទន្ទឹមនិងនោះនៅថ្ងៃទី១៨.០៤.២០២៣ ក្រុមគ្រួសារបានសម្រេច បញ្ជូនជនរងគ្រោះ ទៅប្រទេសវៀតណាម បន្តទៀត។

សូមជម្រាបថាៈ ជនរងគ្រោះឈ្មោះ សាន វិច្ឆកា ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិព្រៃក្ដួច ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង(របួសធ្ងន់)។

រីឯជនសង្ស័យដែល តុលាការកំពុងសួរនាំឈ្មោះ ស៊ាន ប៊ុនណាល់ ភេទប្រុស អាយុ២៦ឆ្នាំ មានតួនាទីជាអធិការរងស្រុកបាភ្នំ នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង។

ប្រភពច្បាស់ការណ៍បានអះអាងថាៈមូលហេតុដែលគ្រូពេទ្យ”ជោរៃភ្នំពេញ” វះកាត់យកក្បាលគ្រាប់មិនបាន ក៏ព្រោះតែក្បាលគ្រាប់នោះ បៀមជ្រៅពេក។
ពោលគឺៈ ជនរងគ្រោះត្រូវគ្រាប់ត្រង់ចង្កេះបែកឆ្អឹងធ្លាយខួរឆ្អឹង.ហើយផ្លាតក្បាលគ្រាប់មកបៀម ជាប់ថ្លើមជ្រៅតែម្ដង។

ក្រោយកើតហេតុលោក មុំ សារុំ អធិការស្រុកបាភ្នំ បានថ្លែងប្រាប់«សារព័ត៌មាន»ក្នុងស្រុកថាៈ ករណីនេះលោកអធិការរង មិនមានចេតនាបាញ់នោះទេ។
ពោលគឺនៅពេលនោះ ដៃម្ខាងកាន់កាំភ្លើង ដៃម្ខាងទៀត កាន់កែបម៉ូតូ លុះម៉ូតូរងគ្រោះទៅមុខ បណ្ដាលឱ្យផ្ទុះអាវុធ ត្រូវជនរងគ្រោះតែម្ដង ព្រោះគ្រាប់មានក្នុងកាំភ្លើងស្រាប់៕អត្ថបទរូបភាព(ដើមរាំង)

adm

Leave a Reply

Your email address will not be published. Required fields are marked *