ព័ត៌មានជាតិ

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសាលាបឋមសិក្សាថ្មីចំនួន ៣ខ្នងនៅស្រុកបាភ្នំ

(ខេត្តព្រៃវែង)៖ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសាលាបឋមសិក្សាថ្មីចំនួន ៣ខ្នង ស្មើនឹង៩បន្ទប់ (បន្ទប់សិស្ស ទីចាត់ការ និងបណ្ណាល័យ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានទីតាំងស្ថិតនៅភូមិប្រស្រែ ភូមិស្នេហ៍រាន និងភូមិដីថុយ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ក្នុងពិធីសម្ពោធនោះដែរ ក៏មានការអញ្ជើញចូលរួមពីព្រះតេជគុណ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក-ឃុំ អភិបាលរងខេត្ត អភិបាលក្រុង ស្រុកទាំង១៣ កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋក្នុងស្រុកបាភ្នំ សរុបចំនួន១,៤១៤នាក់។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត សូមសម្តែងនូវការគោរពស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ដែលបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាចំនួន៣ខ្នងខាងលើនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម កសាងដោយឯកឧត្តម ជា ថោយ និងលោកជំទាវ ជូនដល់កូនចៅប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងឃុំបឹងព្រះ ស្រុកបាភ្នំ បានសិក្សារៀនសូត្រ និងស្តារធនធានមនុស្សឱ្យប្រសើរឡើងវិញក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនោះ សម្តេចក្រឡាហោម បានមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើក្នុងអង្គពិធីនោះ ដើម្បីជំរុញក្នុងដំណើរការរួមចំណែកដឹកនាំកសាងប្រទេសជាតិ មាតុភូមិកម្ពុជា ប្រកបដោយសុខសន្តិភាព សម្បូររុងរឿង និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ សម្ដេចក៏បានថ្លែងកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលឃុំ ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈផ្សេងៗ និងបានអំពាវនាវប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរដើម្បីប្រយុុទ្ធប្រឆាំងនឹងបទល្មើសផ្សេងៗ ជាពិសេសបញ្ហាគ្រឿងញៀន។

ជាទីបញ្ចប់ យេីងខ្ញុំទាំងអស់គ្នា សូមប្រសិទ្ធិពរជ័យជូន សម្តេចក្រឡាហោម ជាមួយគណៈប្រតិភូអមដំណើរ និងអ្នកចូលរួមនៃអង្គពិធីទាំងមូល បានជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ចៀសផុតពីគ្រោះកាចទាំងឡាយ និងបានប្រកបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពល: កុំបីឃ្លៀងឃ្លាត ៕

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *