ព័ត៌មានសន្តិសុខសង្គម

ចាប់ខ្លួន លោកឧត្តមសេនីយ៍ទោ ហង្ស វណ្ណៈ ពាក់ព័ន្ធករណីឆបោកប្រាក់ជាង២ម៉ឺនដុល្លារ រឿងរត់ការចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ!

ភ្នំពេញ៖លោកឧត្តមសេនីយ៍ទោ ហង្ស វណ្ណៈ នៅក្រសួងមហាផ្ទៃ

ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនមកតុលាការ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះ ពាក់ព័ន្ធបទល្មើសឆបោកប្រាក់ជាង២ម៉ឺនដុល្លារ រត់ការចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ តែមិនបានសម្រេច ។

លោកឧត្តមសេនីយ៍ទោ ហង្ស វណ្ណៈ បច្ចុប្បន្នរស់នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

តាមប្រភពព័ត៌មាន ដែលទទួលបាន គឺ លោក ហង្ស វណ្ណៈ ត្រូវបានចាប់ខ្លួន តាមដីកាបង្គាប់អោយចាប់ខ្លួន របស់លោក ម៉ៅ ស៊ីណា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។

លោក ហង្ស វណ្ណៈ ជាប់ចោទពីបទ «ឆបោក» ប្រព្រឹត្តនៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈសូគីមិច សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ តាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។

លោកឧត្តមសេនីយ៍ទោ ហង្ស វណ្ណៈ បានរងនូវពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋម្នាក់ ដែលប្តឹងចោទប្រកាន់ថា បានយកលុយគេចំនួន ២២,០០០ដុល្លារមេរិក ទៅរត់ការចូលបម្រើការងារជាមន្ត្រីនគរបាលជាតិ ប៉ុន្តែមិនបានសម្រេចតាមការសន្យា ពោលគឺស៊ីដាច់ប្រាក់ទាំងនេះ និង ថែមទាំងគេចវេសមិនជួយដោះស្រាយជាមួយម្ចាស់ប្រាក់ទៀតផង ទើបគេប្ដឹងមកតុលាការ តែម្តង ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *