ព័ត៌មានជាតិ

សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងប្រវែង២៥០០ម៉ែត្រ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

 

(ខេត្ដកណ្តាល)៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងប្រវែង២៥០០ម៉ែត្រ ស្ថិតនៅឃុំពុកឬស្សី និងឃុំព្រែកតាមាក់ ស្រុកខ្សាច់ណ្ដាល ដោយមានពលរដ្ឋចូលរួមអបអរសាទររាប់រយនាក់ជាមួយនឹងស្នូរសម្លេងទះដៃកងរំពងនូវសេចក្ដីត្រេកអរដែលទទួលបានសមិទ្ធផលផ្លូវបេតុងយ៉ាងស្រស់ស្អាត។

ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងថា កត្តាសុខសន្តិភាពនេះហើយដែលជាឱកាសដ៏វិសេសវិសាលជំរុញឲ្យមានការអភិវឌ្ឍ ជំរុញឱ្យមានការរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពកាន់តែធូធាឡើងៗ ដែលនេះរកបានដោយមេដឹកនាំ ដ៏ខ្លាំងក្លារបស់យើងគឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំប្រទេសជាតិពីផេះផង់ រួបរួមប្រទេសជាធ្លុងមួយ រំលត់ភ្លើងសង្រ្គាម នាំមកនូវការឯកភាពជាតិតែមួយ ការរួបរួមជាតិតែមួយ ផ្គុំកម្លាំងនៃសន្តិភាព ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ។ ឯកឧត្តមបន្តថា «យើងមានមេដឹកនាំរបស់យើងដែលមានសមត្ថភាពខ្លាំង ជារដ្ឋបុរសដ៏អស្ចារ្យគឺសម្ដេចតេជោ ហ៊ុន សែន នឹងនៅតែបន្តជានាយករដ្ឋមន្ត្រីតទៅមុខទៀត អរគុណសន្តិភាព»។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងពីគុណសម្បត្តិដ៏វិសេសវិសាល នៃមេដឹកនាំដ៏អស្ចារ្យកម្ពុជាគឺសម្ដេចតេជោ ហ៊ុន សែន ដែលបានរៀបចំបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គ្រប់អាយុទាំងអស់ទូទាំងប្រទេសដោយបានចាក់គ្រប់ដូសស្ទើរតែ១០០ភាគរយទូទាំងប្រទេស ដែលនេះជាមុខមាត់ដ៏ល្បីល្បាញមួយលើឆាកអន្តរជាតិ ខណៈដែលប្រទេសក្រីក្រមួយចំនួននៅលើសាកលលោកខ្លះ ចាក់ពុំទាន់បានទៅ ២០ភាគរយឡើយទេ ក៏ប៉ុន្តែកម្ពុជាបានធ្វើកិច្ចការនេះយ៉ាងមានប្រសិទ្ធភាព និងអស្ចារ្យរហូតដល់ល្បីល្បាញទូទាំងសាកលលោក។ រីឯការព្យាបាលអ្នកជំងឺកូវីដ១៩ វិញគឺជាមុខមាត់កម្ពុជាដ៏អស្ចារ្យជាងគេ ខណៈដែលក្រុមគ្រូពេទ្យ នៅកម្ពុជាល្បីល្បាញខាងព្យាបាលអ្នកជំងឺកូវីដ១៩ មានប្រសិទ្ធភាពជាសះស្បើយច្រើនលើសលប់បំផុត និងអត្រាអ្នកស្លាប់មានតិចបំផុត បើធៀបនឹងបរទេស។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានពន្យល់ដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្ដាល ឲ្យយល់ពីល្បិចកលរបស់មនុស្សក្រុមទុច្ចរិតបក្សប្រឆាំងមួយចំនួនដែលរលត់រលាយ ដែលពួកគេនៅតែបន្តមានកលល្បិចទុច្ចរិត ក្នុងការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលទាំងនេះធ្វើឡើងក្នុងគោលបំណងទុច្ចរិត ចង់បង្កើតបញ្ហាដល់សង្គមក្នុងន័យចង់ប្លន់យកអំណាចទាំងងងើល ពួកគេព្យាយាមធ្វើយ៉ាងណាលាបពណ៌ដល់មន្ត្រីគណបក្សប្រជាជន និងបក្សប្រជាជនកម្ពុជាទាំងមូលឲ្យប្រជាពលរដ្ឋស្អប់ខ្ពើមជាដើម។ ប៉ុន្តែមានតែបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះដែលស្រឡាញ់ជាតិ ស្រឡាញ់ប្រជាជន ការពារប្រជាជន អភិវឌ្ឍន៍ប្រទេសជាតិ និងជួយប្រជាជនដើម្បីប្រជាជន និងមានភាពស្មោះត្រង់ចំពោះជាតិព្រះមហាក្សត្រ ស្មោះត្រង់នឹងប្រជាពលរដ្ឋ ធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋយ៉ាងពិតប្រាកដ មិនមែនសន្យាតែមាត់ចោលនោះទេ គឺបន្តអភិវឌ្ឍ និងជួយប្រជាពលរដ្ឋដូចភ្លៀងរលឹម។

ក្រុមប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងកម្មវិធីក៏បានសម្ដែងនូវទឹកមុខញញឹមញញែម ទះដៃកងរំពងដែលពួកគាត់ទទួលបានសមិទ្ធផលថ្មីមួយទៀតគឺផ្លូវបេតុងដ៏ស្រស់ស្អាត ដែលបង្កឲ្យពួកគាត់មានភាពងាយស្រួល ក្នុងការធ្វើដំណើរ ក្នុងការដឹកជញ្ជូនផលកសិកម្មរបស់ពួកគាត់ ហើយក៏ថ្លែងអំណរគុណដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដែលបានជួយអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់ពួកគាត់ និងលើកដៃប្រណម្យសំពះអរគុណដល់ សម្ដេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាព មានការអភិវឌ្ឍ មានការរីកចម្រើន ដែលនាំឲ្យពលរដ្ឋងាយស្រួលក្នុងការរស់នៅ បង្កបង្កើនផល និងរកចំណូលបានធូរធារឡើងៗ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *