(ខេត្តព្រះសីហនុ)៖មានករណីផ្ទុះអាវុធមួយគ្រាប់បណ្តាលឱ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម នៅម្តុំរង្វង់មូលតោ២ ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឱ្យដឹងនៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២នេះថា កាលពីរំលងអធ្រាត្រចូលថ្ងៃទី១ ខែឧសភាមានរណីផ្ទុះអាវុធមួយគ្រាប់បណ្តាលឱ្យបុរសម្នាក់បានស្លាប់។
បន្ទាប់ពីកើតហេតុកម្លាំងនគរបាលជំនាញខេត្តព្រះសីហនុសហការជាមួយ កម្លាំងនគរបាលក្រុងព្រះសីហនុ ចុះទៅដល់កន្លែងដើម្បីស្រាវជ្រាវ។ក្រោយមកសមត្ថកិច្ចបានកំណត់អត្តសញ្ញាណឈានដល់ការចាប់ជនសង្ស័យម្នាក់ឈ្មោះ ជិន រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ។ចំពោះជនសង្ស័យម្នាក់ទៀត ជាអ្នកបាញ់សម្លាប់ជនរងគ្រោះឈ្មោះ អំ ឆេកូ បានរត់គេចខ្លួន។ ប៉ុន្តែលុះដល់វេលាម៉ោង៥ទៀបភ្លឺ ទើបចាប់ខ្លួនជននេះបាន។
សមត្ថកិច្ចបានបន្តថា បច្ចុប្បន្នសពជនរងគ្រោះបានពិនិត្យ តាមជំនាញបច្ចេកទេស និងយកតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំប្រគល់ជូនគ្រួសារ។ ចំណែកជនសង្ស័យជាឃាតក និងគូកន សមត្ថកិច្ចកំពុងស៊ើបអង្កេតពីមូលហេតុនិងកសាងសំណុំរឿងតាមនីតិវិធីដើម្បីបញ្ជូនបន្ត៕