ខេត្ដបន្ទាយមានជ័យ៖ រថយន្ត១គ្រឿងសង្ស័យលួចដឹកសត្វមាន់រស់ពីប្រទេសថៃខុសច្បាប់ ត្រូវបានមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យស្ទាក់ចាប់បាន នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ដោយអនុវត្តតាមវិធានការបង្ការបង្ក្រាប ការចរាចរណ៍សត្វ ពីក្រៅប្រទេស របស់នាយកដ្ឋាន និងមន្ទីរកសិកម្មខេត្ត លោកបានបែងចែកមន្ត្រីតាមគោលដៅនានា ធ្វើការស្រាវជ្រាវ នូវមុខសញ្ញាលួចនាំសត្វចូលពីប្រទេសជិតខាង។ ជាក់ស្តែងក្រោយពីទទួលបានព័ត៌មាន ពីការចរាចរណ៍សត្វបក្សីគ្មានច្បាប់អនុញ្ញាត លោកបានសហការណ៍ជាមួយនគរបាលស្រុកអូជ្រៅ ធ្វើការស្ទាក់ឃាត់រថយន្តមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2F-3428 ដែលកំពុងផ្ទុកសត្វមាន់រស់រាប់រយក្បាលយកទៅការិយាល័យបសុពេទ្យ។
លោកបន្តថា តាមនីតិវិធីនៃជំនាញ នឹងយកសំណាកផ្ញើទៅពិនិត្យនៅរាជធានីភ្នំពេញដើម្បីឱ្យដឹងថា សត្វមាន់ទាំងនោះមានជំងឺផ្តាសាយបក្សី ឬមិនមាន តែចំពោះមុខមន្ត្រីនឹងធ្វើការតាមដាន សុខភាពសត្វនោះក្នុងអំឡុងពេល២ ទៅ៣ថ្ងៃ បើមិនមានអ្វីគួឱ្យកត់សម្គាល់នៃជំងឺផ្តាសាបក្សីទេ មន្ត្រីជំនាញនឹងអនុវត្តតាមនីតិវិធីច្បាប់ ដោយធ្វើការផាកពិន័យ។ ការបង្ការ និងបង្ក្រាបនេះធ្វើឡើងក្នុងគោលបំណង បង្ការការរាលដាលនូវជំងឺផ្តាសាយបក្សី និងជំងឺឆ្លងនានាដែលអាចកើតមានលើសត្វ និងជាការលើកកម្ពស់ការចិញ្ចឹមរបស់កសិករក្នុងស្រុក និងម្យ៉ាងទៀតឱ្យមានការបង់ពន្ធចូលរដ្ឋ។
សូមបញ្ជាក់ថា សត្វមាន់រស់ទាំងអស់ខាងលើ ត្រូវបានឈ្មួញលួចនាំចូលពីប្រទេសថៃ តាមច្រករបៀងមួយកន្លែង ដែលស្ថិតនៅក្នុងភូមិសាស្ត្រឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ជាញឹកញាប់មន្ត្រីបសុពេទ្យ តែងធ្វើការបង្ក្រាប និងឃាត់ការនាំចូលសត្វជ្រូក គោ ក្របី មាន់ ទា ជាដើម ដែលឈ្មួញលួចនាំចូល។ យ៉ាងណាក៏ដោយ ការលួចនាំចូលនៅតែកើតមានទោះជានៅតាមព្រំដែលមានសមត្ថកិច្ចយាមកាមព្រោងព្រាតយ៉ាងណាក៏ដោយ៕