(ខេត្ដកំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត អមដំណើរដោយព្រះមន្ត្រីសង្ឃ និងមន្ត្រីរាជការ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រគល់ផ្ទះមនុស្សធម៌ទី៦ ជូន ជនមានពិការភាពទ័លក្រ ១គ្រួសារ ឈ្មោះឈុន ម៉េន អាយុ៦៣ឆ្នាំ រស់នៅ ភូមិអំពិលទ្វារ ឃុំសំពងជ័យ ស្រុកជើងព្រៃ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានក្រេីនរំលឹកប្រាប់ដល់អ្នកចូលរួម និង ប្រជាពលរដ្ឋទាំងអស់ថា ពិតមែនតែស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ហើយ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសបើកប្រទេសពេញលេញឡើងវិញក្តី តែម្នាក់ៗ មិនត្រូវធ្វេសប្រហែស ឬមើលស្រាលបានឡើយ ទោះជាបានចាក់វ៉ាក់សាំងរួចហើយក្តី ។ គ្រប់គ្នាត្រូវបង្កើនការការពារខ្លួន ថែរក្សាអនាម័យអោយបានជាប្រចាំ ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ ត្រូវបន្តរៀនរស់ជាមួយជំងឺកូវីដ-១៩ ដែលចាំបាច់ ត្រូវអនុវត្ត អោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល ” ៣ការពារ ៣កុំ ” ដើម្បីជៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះ។
គួរបញ្ជាក់ថា លោកពូ ឈុន ម៉េន ជាជនមានពិការភាព ( ស្វិតជើងដោយសារជំងឺលើសឈាម ) មានប្រពន្ធ និងចៅតូចៗ ៤នាក់ ក្នុងបន្ទុក ដែលកំព្រាដោយសារ ឪពុកម្តាយលែងលះ ។
អំណោយដែលត្រូវទទួលបានរួមមាន អង្ករ ៥០គក្រ ត្រីខ ២០កំប៉ុង ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប មី ២កេស ឃីត ២សម្រាប់ អាវយឺត ១២ សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០ម៉ឺនរៀល ។ ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់ទទួលផ្ទះថ្មីនេះ ចំនួន ១២នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ព្រមទាំង ថវិកាចំនួន ២ម៉ឺនរៀលរៀលផងដែរ ៕