(ខេត្ដកំពង់ចាម)៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្តាំផ្ញេីដល់លោកអភិបាលស្រុកថ្មី ត្រូវប្រែក្លាយការប្ដេជ្ញាចិត្ត នាពេលនេះ ទៅជាឆន្ទៈក្នុងការអនុវត្តជាក់ស្ដែង ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ទៅពេលអនាគត ចំពោះសិល្បៈនៃការដឹកនាំ ត្រូវឲ្យមន្ត្រីក្រោមឱវាទចេះធ្វើការ ទាំងមានធនធានសម្រាប់ការងារ និងឲ្យមន្ត្រីចេះសម្រេចចិត្តអារកាត់ផងដែរ ។
ការថ្លែងយ៉ាងដូច្នេះក្នុងពិធីប្រកាសតែងតាំងលោក សំ ពិសិដ្ឋ ជាអភិបាលនៃគណៈអភិបាលស្រុកចំការលេី ជំនួសលោកខ្លូត ចន្តា ដែលត្រូវទទួលភារកិច្ចថ្មី នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ។
នាឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងនូវការកោតសរសើរ ចំពោះ វឌ្ឍនភាពនៃការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យ ក្រោមការដឹកនាំ របស់ក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីសាលាស្រុកចំកសរលេីទាំងអស់ ដែលបានចូលរួមចំណែក ដោះស្រាយកិច្ចការ នៅក្នុងអង្គភាព និងការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ដោយទទួលបានលទ្ធផល យ៉ាងល្អប្រសើរ នាពេលកន្លងមក ។
ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្តាំផ្ញើ ចំពោះ លោកអភិបាលស្រុកចំការលេី ដែលទើបបានប្រកាសតែងតាំងថ្មីនេះ ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាព រវាងថ្នាក់លើ និងថ្នាក់ក្រោម ព្រមទាំងមានគំនិតផ្តួចផ្តើម មនសិការការងារខ្ពស់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ក្នុងការ បម្រើប្រជាពលរដ្ឋ ដោយការយកចិត្តទុកដាក់ខ្ពស់ លើការសម្របសម្រួល ការដោះស្រាយបញ្ហាការងារ ប្រកបដោយភាពឈ្លាសវៃ និងមានគំនិតច្នៃប្រឌិត មានចក្ខុវិស័យ លើកជាទិសដៅ ដាក់ចេញនូវផែនការអនុវត្តឲ្យបានច្បាស់លាស់ ព្រមទាំងខិតខំបញ្ចេញឲ្យអស់ពីសមត្ថភាព និងទេពកោសល្យ ក្នុងស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ចំពោះ មុខថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងចំពោះមុខគណៈអភិបាលខេត្ត រដ្ឋបាលខេត្ត លើវិស័យការងារ ដែលខ្លួនកំពុងបំពេញតួនាទី ជាពិសេសនោះ គឺត្រូវប្រែក្លាយការប្ដេជ្ញាចិត្ត នាពេលនេះ ទៅជាឆន្ទៈក្នុងការអនុវត្តជាក់ស្ដែង ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ទៅពេលអនាគត ផងដែរ ៕