(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំឆ្លងខ្លឹមសារសារាចរណែនាំស្តីពីការរៀបចំក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យ កាតព្វកិច្ច និងក្រុមបង្ការនិងពន្លត់អគ្គិភ័យស្ម័គ្រចិត្ត តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom។
ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងពីអគ្គនាយកដ្ឋានពាក់ព័ន្ធ នាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ ព្រមទាំងអង្គភាពពាក់ព័ន្ធ និងមន្រ្តីជំនាញផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការ ក៏បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីការរៀបចំសារាចរណែនាំស្តីពីការរៀបចំក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យ កាតព្វកិច្ច និងក្រុមបង្ការនិងពន្លត់អគ្គិភ័យស្ម័គ្រចិត្ត។ ជាមួយគ្នានេះផងដែរ ឯកឧត្តម ទួន ស៉ីផាន់ អនុរដ្ឋលេខាធិការ ក៏បានអាននូវសារាចរណែនាំស្តីពីការរៀបចំក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យ កាតព្វកិច្ច និងក្រុមបង្ការនិងពន្លត់អគ្គិភ័យស្ម័គ្រចិត្ត ជូនដល់អង្គប្រជុំទាំងមូលជ្រាបដ៏ខ្ពង់ខ្ពស់ និងបន្តចូលរួមមតិ ពិភាក្សារួមគ្នា៕