ព័ត៌មានសន្តិសុខសង្គម

ជើងមាន់ជាង១០២តោនដែលនាំចូលខុសច្បាប់ ត្រូវបានដុតកម្ទេចចោល

ខេត្ដស្វាយរៀង៖ ជើងមាន់ដែលឈ្មួញលួចនាំចូលដោយគ្មានច្បាប់ចំនួន៤កុងតឺន័រ ស្មើនឹង១០២.៦តោន ដែលត្រូវសមត្ថកិច្ចជំនាញបង្ក្រាបបាន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ត្រូវដុតកម្ទេចចោលនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

យោងតាមមន្ត្រីជំនាញបានបញ្ជាក់ប្រាប់ភ្នាក់ងារសារព័ត៌មានយើង ថានៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា ក្រុមការងារចម្រុះបានចុះត្រួតពិនិត្យទៅលើទំនិញទាំង៤កុងតឺន័រ ដែលផ្ទុកជើងមាន់នេះ ដោយពិនិត្យឃើញថា ពុំមានឯកសារគ្រប់គ្រាន់ទើបបាននាំទំនិញទាំងនេះយកមកទីលានចាក់សំរាម ដើម្បីដុតកម្ទេចចោលនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍ពីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខា ក.ប.ប ខេត្តស្វាយរៀង បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែមករា វេលាម៉ោង២១៖២០នាទី មន្ត្រីសាខា ក.ប.ប ខេត្តស្វាយរៀង សហការជាមួយកម្លាំងអាវុធហត្ថ ក្រោមការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានឃាត់កុងទីន័រចំនួន៤គ្រឿង ដើម្បីត្រួតពិនិត្យនៅចំណុចភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ក្រោយការត្រួតពិនិត្យបានរកឃើញថា រថយន្តកុងតឺន័រទាំង៤គ្រឿងនេះផ្ទុកជើងមាន់។

តាមការអះអាងរបស់អ្នកបើកបរបញ្ជាក់ថា ទំនិញទាំងអស់នេះគឺបាននាំចូលពីប្រទេសវៀតណាម ហើយផ្ទេរទូរកុងតឺន័រនៅចំណុចសូន្យចូលមកកម្ពុជាតាមមាត់ច្រកអន្តរជាតិបាវិត ហើយដឹកទៅច្រកដូង នៅស្រុករមាសហែក រួចនាំចូលទៅវៀតណាមវិញ។ ទំនិញទាំងនេះជារបស់ក្រុមហ៊ុន SBL ដែលមានទីតាំងនៅក្រុងបាវិត។

លោក ពេញ សារ៉េត (ម្ចាស់ឡានកុងតឺន័រ) បានបញ្ជាក់ថា គាត់ជាអ្នកគ្រប់គ្រងឡានកុងតឺន័រទាំង៤គ្រឿងនេះ ហើយមិនបានដាក់ឯកសារ (ដឹកទំនិញ) មកជាមួយតាមឡានទេ ហើយទំនិញទាំងនេះមានទិសដៅទៅច្រកដូង ស្រុករមាសហែក ហើយគ្រោងនាំចូលទៅវៀតណាមវិញ។

គួរជម្រាបថា ពិធីដុតកម្ទេចជើងមាន់ទាំង៤កុងតឺន័រនេះ មានការចូលរួមពីលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង លោកខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង លោកអគ្គនាយករងនៃអគ្គនាយកដ្ឋាន ក. ប. ប. លោក ហៀង ដារា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង តំណាងសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង ព្រមទាំងអាជ្ញាធរដែនដី មន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *