ព័ត៌មានជាតិ

អបអរសាទរខេត្តស្វាយរៀង ជាខេត្តទី១ បានបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល (1st ODF SVG Province Celebration)

(ខេត្ដស្វាយរៀង)៖ នាព្រឹកថ្ងៃពុត ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការខេត្តស្វាយរៀង ជាខេត្តទី១ បានបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល (1st ODF SVG Province Celebration) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រីក្រសួងអភិវឌ្ឍន៍ជនបទ។

មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានថ្លែងអំណរគុណ និងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី លោកស្រីនាយិកាអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា ឯកឧត្ដម លោកជំទាវ គណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដមអភិបាលរងរាជធានី-ខេត្ត លោក លោកស្រីប្រធានអង្គការដៃគូ ព្រមទាំងភ្ញៀវកិត្តិយស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានផ្ដល់កិត្តិយស អញ្ជើញជាអធិបតី និងចូលរួមអបអរសាទរនៅក្នុងពិធីដ៏មានសារៈសំខាន់ នាថ្ងៃនេះ ដែលបានញ៉ាំងឲ្យអង្គពិធីប្រព្រឹត្តទៅប្រកបដោយភាពឱឡារិកក្រៃលែង ។

ទាំងនេះ ជាមោទនភាព ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់នៅក្នុងវិស័យអភិវឌ្ឍន៍ជនបទ ជាពិសេសនៅក្នុងផ្នែកអនាម័យជនបទនៅក្នុងខេត្ត ដែលឆ្លងកាត់នូវការវាយតម្លៃដោយផ្អែកលើនីតិវិធី និងលក្ខណៈវិនិច្ឆ័យច្បាស់លាស់ ម៉ត់ចត់ពីគណៈកម្មការថ្នាក់ជាតិ ទទួលស្គាល់ជាផ្លូវការ ខេត្តស្វាយរៀង ជាខេត្តទី១ ជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសកម្ពុជា ដែលបានសម្រេចការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល និងត្រូវប្រកាសជាផ្លូវការក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃនេះ ។

ឯកឧត្តមបន្តថា ការងារលើកកម្ពស់អនាម័យខេត្តទទួលបានភាពជោគជ័យនាពេលនេះ រដ្ឋបាលខេត្តស្វាយរៀងបានបង្កើតក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ថ្នាក់ខេត្ត (PWG-RWSSH) និងមានសមាសភាពចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ តំណាងអង្គការដៃគូនានាក្នុងខេត្ត អភិបាលក្រុងស្រុកទាំងប្រាំបី អមដោយលេខាធិការដ្ឋាននៃក្រុមការងារ ដឹកនាំដោយលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្ត្រីជំនាញក្នុងនោះបានបង្ហាញឲ្យឃើញពីការវិវឌ្ឍន៍រីកម្រើន នៃផ្នត់គំនិត ការផ្លាស់ប្ដូរឥរិយាបថ និងចំណេះដឹងរបស់បងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាសុខភាព និងអនាម័យជនបទ ប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍ និងកម្រិតជីវភាពរស់នៅល្អប្រសើររបស់ប្រជាពលរដ្ឋយើងនៅមូលដ្ឋាន ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមវិភាគទាន និងម្ចាស់ការក្នុងការសាងសង់បង្គន់អនាម័យប្រើប្រាស់នៅតាមខ្នងផ្ទះ និងសហគមន៍ ហើយដែលមូលដ្ឋានសមិទ្ធផលនេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគាំទ្រដល់ដំណើរការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រជាតិ និងផែនការសកម្មភាពខេត្ត ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ដូចដែលមានបញ្ជាក់ក្នុងរបាយការណ៍របស់ឯកឧត្ដមអភិបាលរងខេត្ត នាពេលអម្បាញ់មិញនេះ នៅក្នុងខេត្តស្វាយរៀងយើងខ្ញុំបច្ចុប្បន្ន គឺបានសម្រេចនូវអត្រាអនាម័យគ្របដណ្ដប់ ១០០%នៅទូទាំងខេត្ត ហើយអត្រាប្រជាពលរដ្ឋមានទឹកសុវត្ថិភាពប្រើប្រាស់មានរហូតដល់ ៨៨,៦% និងអត្រាគ្រួសារដែលប្រើប្រាស់ឧបករណ៍ផ្សេងៗសម្រាប់លាងដៃនៅក្នុងបរិវេណផ្ទះសម្រេចបាន ១០០%ផងដែរ ។

សូមបញ្ជាក់ថា ក្រោមការខិតខំប្រឹងប្រែងអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមក នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ កន្លងទៅ ខេត្តស្វាយរៀងបានវាយតំលៃ និងប្រកាសផ្ទៃក្នុងរបស់ខេត្ត ពិតជាសម្រេចបាន ODF ១០០ភាគរយ ហើយបានស្នើសុំទៅក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យផ្ទៀងផ្ទាត់ដោយគណៈកម្មការថ្នាក់ជាតិ កាលពីថ្ងៃទី១០-១៣ ខែមករា ឆ្នាំ២០២២ ហើយបានទទួលស្គាល់ជាផ្លូវការនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។

បេីតាមរបាយការណ៍របស់គណៈកម្មការថ្នាក់ជាតិ និងប្រកាសនីយប័ត្រ បញ្ចប់ការបន្ទោបង់ពាសវាលពាសកា បានប្រកាសលទ្ធផលថា ខេត្តស្វាយរៀង បានបំពេញគ្រប់លក្ខខណ្ឌ ដោយជោគជ័យ ទទួលបានជ័យលាភី «ខេត្តសម្រេចបានបញ្ឈប់បន្ទោបង់ពាសវាលពាសកាល ជាស្ថាពរ (Open Defecation Free 100%)» និងជាខេត្តទីមួយ ក្នុងប្រវត្តិសាស្រ្ត នៃប្រទេសកម្ពុជា៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *