ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

គប់កញ្ចក់ឡានទៀតហើយ! ជនមិនស្គាល់មុខ គប់កញ្ចក់រថយន្ត”វេអង”ដឹកស្រូវផ្អើលទាំងយប់ នៅស្រុកព្រះស្ដេច!

(ព្រៃវែង)៖ សមត្ថកិច្ចនៅពុំទាន់កំណត់មុខសញ្ញាជនដៃដល់ បាននៅឡើយទេ.!ករណីគប់កញ្ចក់រថយន្ត”វេអង”ដឹកស្រូវ បណ្ដាលឱ្យធ្លាយកញ្ចក់ទ្វារខាងឆ្វេង ខ្ចាយកម្ទេច ចំតៃកុងរងរបួសស្រាល។

ហេតុការណ៍នេះ បានកើតឡើងលើផ្លូវកៅស៊ូលេខ ៣១២ ត្រង់ចំណុចភូមិពានី ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង កាលពីព្រលប់ទី១៨.០៣.២០២៣ ម្សិលមិញ។

លោក ជៃ សេងហ៊ាង អធិការស្រុកព្រះស្ដេច បានថ្លែងប្រាប់«សារព័ត៌មាន»នៅព្រឹកទី១៩.០៣.២០២៣ថាៈ ខណៈនេះ សមត្ថកិច្ចកំពុងដុតដៃដុតជើង ដើម្បីស្រាវជ្រាវ រកមុខសញ្ញា គប់កញ្ចក់រថយន្តដឹកស្រូវ។

បើតាមលោក ជៃ សេងហ៊ាង រហូតមកទល់និងព្រឹកនេះ សមត្ថកិច្ចពុំទាន់កំណត់មុខសញ្ញា ជនដៃដល់បាននៅឡើយទេ។

សេចក្ដីរាយការណ៍បានឱ្យ«សារព័ត៌មាន»ដឹងថាៈ នៅមុនពេលកើតហេតុមាន រថយន្ត”វេអង”ដឹកស្រូវ១គ្រឿងម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A.2100។

បើកក្នុងទិសដៅពីត្បូងមកជើង ពោលគឺ ចេញពីច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ឡើងមកផ្លូវជាតិលេខ១។

លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានជនមិនស្គាល់មុខ គប់កញ្ចក់រថយន្ត ចំកញ្ចក់នៃទ្វារខាងឆ្វេង ធ្លាយទៅក្នុងកាប៊ីនរថយន្ត បណ្ដាលឱ្យកម្ទេចខ្ទាត ត្រូវមុខតៃកុងរថយន្ត រងរបួសស្រាល។

សេចក្ដីរាយការណ៍បន្ថែមថាៈ ក្រោយបង្កហេតុ ជនដៃដល់ បានជិៈម៉ូតូមិនស្គាល់ម៉ាក រត់គេចខ្លួន ចូលទៅក្នុងភូមិត្រពាំងឈូក ឃុំរំចេក ស្រុកព្រះស្ដេច តាមផ្លូវប្រឡាយ បាត់ស្រមោលតែម្ដង។

ជុំវិញករណីនេះ គេសង្កេតឃើញថាៈលោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការខេត្តព្រៃវែង លោកឧត្ដមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងលោកអធិការស្រុកព្រះស្ដេច រួមនិងមន្ត្រីពាក់ព័ន្ធ កំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។

សូមជម្រាបថាៈ ហេតុការណ៍គប់កញ្ចក់រថយន្តនៅពេលនេះ វាពុំមែនជាលើកទី១ទេ សម្រាប់ខេត្តព្រៃវែង។
ពោលគឺ កាលពីយប់ទី១៥.០៣.២០២៣ នៅលើដងផ្លូវជាតិលេខ១ ក្នុងភូមិផ្កូវ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ក៏មានករណីគប់កញ្ចក់រថយន្តផងដែរ. ប៉ុន្តែត្រូវប៉ូលិស ឃាត់ខ្លួនបាន៣នាក់។

លុះករណីក្រោយនេះ គេសង្ឃឹមថាៈសមត្ថកិច្ច នឹងចាប់ខ្លួនជនដៃដល់ បានដូចករណីមុនមិនខានឡើយ៕អត្ថបទរូបភាព(ដើមរាំង)

adm

Leave a Reply

Your email address will not be published. Required fields are marked *