(ខេត្តក្រចេះ )៖ រថយន្តមួយគ្រឿងក្នុងចំណោមរថយន្តខ្សែដឹកគ្រឿងសង្ហារឹម កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ កក្កដា បានក្រឡាប់ធ្លាក់ស្នាមភ្លោះស្ថិតនៅចំណុចភូមិគោលាប់ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ។
តាមប្រភពព័ត៌មានបញ្ជាក់ថា ស្ទើររាល់យប់ គឺមានក្រុមរថយន្តចងគ្រឿងសង្ហារឹមពីក្រោយចេញជាខ្សែ ចាប់ពី៣គ្រឿង ទៅ៥គ្រឿង និងមានច្រើនលើសនេះទៀត រហូតទៅដល់ជាង១០គ្រឿងក្នុងមួយយប់ ឆ្លងកាត់ខេត្តក្រចេះ ឆ្ពោះទៅរាជធានីភ្នំពេញ ដោយបើកបរក្នុងល្បឿនល្បឿន តែពុំមានសមត្ថកិច្ចប្រថុយប្រថាន ដើម្បីស្ទាក់ឃាត់ឆែកឆេនោះទេ ។
ប្រភពបន្តថា ក្រុមរថយន្តខ្សែទាំងសុទ្ធសឹងចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តក្រចេះ និងបន្តឆ្ពោះទៅឃ្លាំងស្តុកនៅភ្នំពេញ តែក្រោយការក្រឡាប់រថយន្តមួយគ្រឿងខាងលើ ទើបគេដឹងថា ក្រុមរថយន្តខ្សែទាំងនោះ បន្លំចងគ្រឿងសង្ហារឹមពីក្រោយបន្តិចបន្តួច តែខាងក្នុងដឹកឈើឆៅមិនទាន់កែច្នៃទាំងអស់។
ក្រោយក្រឡាប់រថយន្តនោះ គេបានឃើញតៃកុងឬព្រូនៅក្បែរថយន្តខាងលើទេ ចំណែករថយន្តធ្លាប់ចូលប្រឡាយស្នាមភ្លោះលើកំណាត់លេខ៧ ខ្ទាតចេញសុទ្ធតែឈើសន្លឹក។ សមត្ថកិច្ចអោយដឹងថា ក្រោយកើតហេតុនាព្រឹកព្រលឹមស្រាងៗនគរបាលចរាចរណ៍ជើងគោគនៃអធិការដ្ឋានស្រុកចិត្របុរីមកស្ទូចយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាន និងជួយរថយន្ត ផ្សេងទៀតមកប្រមូលឈើដែលរាយប៉ាយយកទៅរក្សាទុកផងដែរ។
មន្ត្រីនគរបាលចរាចរណ៍នៃអធិការដ្ឋានស្រុកចិត្របុរីបានបញ្ជាក់ថា រថយន្តខាងលើគ្រោះថ្នាក់ដោយកត្តាប្រើប្រាស់ល្បឿនលឿនបែកកង់រេចង្កូតក្រឡាប់ធ្លាក់ស្នាមភ្លោះ។
បច្ចុប្បន្ន វត្ថុតាងត្រូវបាននាំទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បី កសាងសំណុំរឿននិងបញ្ជូនទៅជំនាញតាមនីតិវិធី ៕