(ខេត្ដកំពង់ចាម)៖ ឯកឧត្តម យឹម ឆៃលី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ចាម ព្រមទាំងឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម និងក្រុមការងារចុះជួយស្រុកស្រីសន្ធរជាច្រើនទៀត នៅព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២២ បានជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុកស្រីសន្ធរ ។
ស្ថិតក្នុងឱកាសនោះ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ចាម ឯកឧត្តម យឹម ឆៃលី បានមានប្រសាសន៍កោតសរសើរ និងសូមអរគុណដល់សមាជិក សមាជិកាគណបក្សស្រុកស្រីសន្ធរ និងគណបក្សឃុំទាំងអស់ ក្នុងស្រុកស្រីសន្ធរ ព្រមទាំងក្រុមការងារថ្នាក់កណ្តាល និងថ្នាក់ខេត្តចុះជួយស្រុកស្រីសន្ធរ ដែលបានខិតខំប្រឹងប្រែងក្នុងការបម្រើ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងសមាជិក សមាជិកា នៅមូលដ្ឋានជាប់ជាប្រចាំ និងបានចំណាយធនធានថវិកា និងសម្ភារៈ ដើម្បីរួមចំណែកអភិវឌ្ឍស្រុកស្រីសន្ធរដោះស្រាយបញ្ហាការលំបាកផ្សេងៗរបស់ប្រជាជន។ ប្រការនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីកម្លាំងសាមគ្គីភាពដ៍ខ្លាំងក្លា និងភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែនៅក្បែរប្រជាជនគ្រប់កាលៈទេសៈ ។
ឯកឧត្តម យឹម ឆៃលី បន្តថា សមាជិក សមាជិកា នៃអង្គពិធីជ្រាបហើយថា គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍរហូតមកដល់ពេលបច្ចុប្បន្ននេះ គឺមានឆន្ទៈមោះមុតបន្តផ្តោតលើការជំរុញនាវាកម្ពុជាឱ្យធ្វើដំណើរទៅមុខជារៀងរហូត បើទោះបីជាមានបញ្ហាប្រឈមមួយចំនួនក៏ដោយ ។
ឯកឧត្តម យឹម ឆៃលី បន្តទៀតថា សម្ដេចតេជោ នាយករដ្ឋមន្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេស ឆ្ពោះទៅរកការអភិវឌ្ឍ សន្តិភាព និងស្ថិរភាពសង្គម ធ្វើអំពើល្អ ដឹកនាំល្អ កសាងស្នាដៃ និងសមិទ្ធផលជាក់ស្តែង
ជាច្រើនជូនប្រជាពលរដ្ឋ ក្នុងនោះក៏មានការចូលរួមពីវិស័យឯកជន និងអ្នកផ្សេងៗទៀត បានបរិច្ចាគធនធានជាច្រើន ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិជាមួយនឹងរាជរដ្ឋាភិបាល ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា។ល។ ដើម្បីរួមចំណែក លើកកម្ពស់ជីវភាពប្រជាជន នៅក្នុងស្រុកស្រីសន្ធរនេះ៕