ព័ត៌មានសន្តិសុខសង្គម

ឆ្នោតវៀតណាម លួចបើកច្រើនកន្លែង ក្នុងបុរីពិភពថ្មីកំបូល (ក្បែរផ្សារកំបូល) អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ មិនបង្ក្រាប

(ភ្នំពេញ)៖ ស្ទើរតែជារឿងធម្មតា ទៅហើយ ល្បែងឆ្នោត (កន្ទុយលេខ) ត្រូវបានគេចាត់ទុក ជាល្បែងដែលមានប្រជាប្រិយបំផុតមួយ ក្នុងប្រទេសកម្ពុជា ដោយសារតែល្បែងនេះ បានរីកដុះដាលដូចផ្សិត រាប់ឆ្នាំកន្លងមកហើយ ទៀតសោត ក៏គ្មានសមត្ថកិច្ច ណាអាចបោសសំអាត ឲ្យអស់បាននោះដែរ គឺដូចជាវែកចក អញ្ចឹង។

បើក្រឡេកមើលទៅ ទឹកដីខណ្ឌកំបូលវិញ គេសង្កេតឃើញថា ល្បែងកន្ទុយលេខ បាននឹងកំពុងរីករាលដាល និងកើតឡើងដូចផ្សិត ខណៈ អាជ្ញាធរ និង សមត្ថកិច្ច ធ្លាប់ចុះបង្ក្រាបដែរ តែបានត្រឹម មួយចំអិន កំពឹស ប៉ុណ្ណោះ ។

មហាជនបានខ្សិបតៗគ្នាថា ប្រសិនបើ អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌកំបូល អនុវត្តច្បាប់មែននោះ ម៉េចក៏មិនចុះទៅបង្ក្រាបឈានដល់ការឃាត់ខ្លួនមេកន្ទុយលេខ ទាំងអស់ តែម្តងទៅ? ព្រោះកន្លងទៅ ឃើញ ធ្លាប់ ណែនាំអប់រំ តែអ្នកកត់ និងកូនកញ្ច្រែងដែរតើ?

ដោយសារតែល្បែងកន្ទុយលេខ ក៏ដូចជាល្បែងស៊ីសងផ្សេងទៀត កំពុងតែបន្តរីកដូចផ្សិត នៅខណ្ឌកំបូល ទើបមហាជនជាច្រើន ក៏បានសំណូមពរទៅ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និង លោក ហង្ស មុនី អធិការខណ្ឌកំបូល មេត្តាជួយមានវិធានការ បង្ក្រាបល្បែងស៊ីសង ឆ្នោតកន្ទុយលេខវៀតណាម ឲ្យអស់ពីមូលដ្ឋាន របស់ខ្លួនផង ដែលមានទីតាំង ជាច្រើនកន្លែង បន្តលួចបើកយ៉ាងរលូន ក្បែរផ្សារកំបូល ក្នុងបុរីពិភពថ្មីកំបូល សង្កាត់កន្ទោល ខណ្ឌកំបូល រាជធានីភ្នំពេញ។ បើយោងតាម សេចក្តីរាយការណ៍ ពីពលរដ្ឋល្អ កាលពីថ្ងៃទី២៩ ខែឧសភា ២០២២នេះ។
គួររំលឹកផងដែរថា អាជ្ញាធរខណ្ឌកំបូល ដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌ កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា បានចុះបង្ក្រាបទីតាំងឆ្នោតវៀតណាមមួយកន្លែង ស្ថិតនៅផ្ទះលេខ១៥ ផ្លូវលេខ៦ ក្នុងបុរីពិភពថ្មីកំបូល (ក្បែរផ្សារកំបូល) ដែលបើកលេងឆ្នោតវៀតណាមខុសច្បាប់ គ្មានខ្លាចក្រែងអាជ្ញាធរ និងសមត្ថកិច្ចនគរបាលមូលដ្ឋានឡើយ ដោយសំអាងឡូហ្គោ 888។

លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល សង្កត់ធ្ងន់ថា ត្រូវបញ្ឈប់សកម្មភាព និងធ្វើកិច្ចសន្យាទទួលស្គាល់កំហុស បើនៅតែមិនរាងចាល នឹងត្រូវអនុវត្តតាមនីតិវិធីទៅតុលាការ។ ក្នុងនោះ លោកអភិបាលខណ្ឌ បានក្រើនរំលឹកដល់អ្នកបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទផ្សេងទៀត បើនៅតែប្រព្រឹត្ត នឹងប្រឈមចំពោះមុខច្បាប់។
ពលរដ្ឋ លើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់ នៃបទល្មើស ចោរកម្ម លួច ឆក់ ប្លន់ និង អំពើហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម ។
សូមជម្រាបថា លោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញ បានលើកឡើងថា ការងារអសកម្ម ត្រូវតែកាត់បន្ថយឲ្យអស់។ កងកម្លាំង មានសមត្ថកិច្វ ត្រូវតែបង្ក្រាបឲ្យអស់ នូវល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រឿងញៀន ពោលគឺរក្សា អោយបាន នូវ សន្តិសុខ ជូនប្រជាពលរដ្ឋ។

អភិបាលក្រុងភ្នំពេញ ថ្លែងបែបនេះ ក្នុងជំនួបសំណេះសំណាល ជាមួយប្រធានក្រុមប្រឹក្សាសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ កាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាខណ្ឌដូនពេញ។
លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ក៍បានលើកឡើងថា ការបង្ក្រាបល្បែងស៊ីសង និងការ បង្ក្រាបទៅលើ គ្រឿងញៀន ជាបញ្ហាដ៏ធំ ដែលអាជ្ញាធរ មានសមត្ថកិច្ច ត្រូវតែបង្ក្រាបឱ្យខាងតែបាន។ ឯកលោកស្នងការ បន្ដថា ល្បែងស៊ីសងជាដើមចម បង្កឱ្យមានអសន្តិសុខ នៅក្នុងសង្គម ហើយការងារនេះ ឃើញថា អភិបាលខណ្ឌ ក៏បានដឹកនាំដើម្បី បង្ក្រាបបានជាច្រើន ករណីផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យល្បែងស៊ីសង មានការថមថយ នឹងឈានទៅដល់ ការលុបបំបាត់ទាំងស្រុង។ លោកស្នងការរាជធានីភ្នំពេញ ថ្លែងបែបនេះ កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ។

គួររំលឹកផងដែរថា កន្លងមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជា ឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ ទូទាំងប្រទេស ត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន ការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវសុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ឲ្យស្របតាម គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង ៧ចំណុច របស់រដ្ឋាភិបាល។

ទន្ទឹមនឹងប្រសាសន៍ណែនាំដ៍ខ្ពស់ខ្ពស់ ពីថ្នាក់ដឹកនាំ ញឹកញាប់ក្នុងកិច្ចប្រជុំនានា ជុំវិញការបង្ក្រាបល្បែងស៊ីសង និងការបង្ក្រាបគ្រឿងញៀន ក្នុងមូលដ្ឋាន ដើម្បីធានាឲ្យបាននូវសុខសុវត្ថិភាព ជួនប្រជាពលរដ្ឋ ឲ្យស្របតាម គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង ៧ចំណុច របស់រដ្ឋាភិបាល។

នៅឯទឹកដី ខណ្ឌកំបូល ឯណេះវិញ អាជ្ញាធរ និងសម្ថកិច្ច ហាក់មិនទាន់បង្ក្រាប អោយចំគោលដៅ និង មានប្រសិទ្ធភាពនៅឡើយទេ។

ជុំវិញការលើកឡើង និង សំណូមពរ ពីពលរដ្ឋម្ចាស់ឆ្នោត ទទូចសុំជួយចុះបង្ក្រាបល្បែងស៊ីសង ខុសច្បាប់ ប្រភេទ ឆ្នោតវៀតណាម ក្បែរផ្សារកំបូល ក្នុងបុរីពិភពថ្មីកំបូល អង្គភាពសារព័ត៌មានយើង ផ្សាយលម្អិត ជាបន្តបន្ទាប់ទៀត ប្រសិនបើមានការពន្យល់បកស្រាយពី អាជ្ញាធរ និង សមត្ថកិច្ច ឬ សាម៉ីភាគីពាក់ព័ន្ធទាំងអស់៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *