(ខេត្តស្វាយរៀង)៖ ក្រុមឈ្មួញបានដឹកដើមឈើចាន់មួយដើមបម្រុងឆ្លងដែនទៅប្រទេសវៀតណាម ក៏ប៉ុន្តែទំនងបែកការ សមត្ថកិច្ចបានឃាត់ឲ្យត្រឡប់ក្រោយវិញ ដឹកយកទៅទម្លាក់ទុកនៅជិតភូមិប្រជាពលរដ្ឋក្បែព្រំដែន ធ្វើឲ្យឈ្មួញខឹងសម្បារ ហើយនិយាយថា រត់ការបង់ផ្លូវឲ្យសមត្ថកិច្ចអស់ជិត២ពាន់ដុល្លាររួចហើយមិនបានឆ្លងដែនទៀត។
ករណីឈ្មួញដឹកដើមឈើចាន់ បម្រុងឆ្លងដែនទៅប្រទេសវៀតណាមនេះកើតឡើងកាលពីវេលាម៉ោង១និង១០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី០៧សីហាឆ្នាំ២០២២នៅចំណុចច្រករបៀងធ្លក ស្ថិតនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្ដស្វាយរៀង។
បើតាមអ្នកបើកបររថយន្តដឹកដើមឈើចាន់នោះបានប្រាប់មកអ្នកសារព័ត៌មានយើងថា ដើមឈើចាន់មួយដើមនេះដឹក មកពីខេត្តកំពង់ស្ពឺ ឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង តាមផ្លូវជាតិលេខ១ មកខេត្តស្វាយរៀង ដើមឈើចាន់នេះមានទំហំមុខកាត់ប្រមាណជាង២ម៉ែត្រកម្ពស់មិនទាន់កាត់ មែក កម្ពស់ជាង១០ម៉ែត្រ ។
ប្រភពបន្តទៀតថា ការចំណាយឲ្យសមត្ថកិច្ចតាមផ្លូវអស់ជិត២,០០០ដុល្លារដើម្បី ឆ្លងព្រំដែនចូលទឹកដីប្រទេសវៀតណាម។
ប្រភពបន្តទៀតថា ការរកស៊ីដឹកដើមឈើឆ្លងព្រំដែនទៅលក់ឲ្យឈ្មួញវៀតណាមនេះ គឺជិត១ឆ្នាំមកហើយ មានដើមម្ជូរអំពឹល ដើមធ្នង់ ដើមចាន់ ដើមរាំងភ្នំ និយាយរួមគឺដើមឈើ ធំៗ វៀតណាមគេទិញយកទៅដាំ នៅសួនច្បារឬនៅមុខសណ្ឋាគារក្នុងប្រទេសវៀតណាម។
ប្រភពបន្តថាកន្លងមកគឺជួនកាល ដឹកចេញតាមច្រករបៀងក្នុងស្រុកចន្រ្ទា ជួនកាលដឹកចេញតាមច្រករបៀងស្រុកស្វាយទាប និងចេញតាមច្រករបៀងក្រុងបាវិត នៃខេត្ដស្វាយរៀង។
ទាក់ទិននិងករណីនេះដែរ អង្គភាពសារព័ត៌មានយើងមិនអាចរកការសុំបំភ្លឺ ពីសមត្ថកិច្ចដែលឈរជើងតាមច្រករបៀងទាំង៣ស្រុកក្រុងខាងលើនេះបាននៅឡើយទេ ចំណែកមន្ត្រីនគរបាលច្រករបៀងធ្លក បានឆ្លើយយ៉ាងខ្លីថា ប៉ុស្តិ៍ព្រំដែនធ្លកមិនអនុញ្ញាតិឲ្យឈ្មួញដឹកដើមឈើឆ្លងដែនដោយខុសច្បាប់ឡើយត្រូវតែបង្ក្រាប។
អង្គភាពសារព័ត៌មានយើងនឹងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់ឬបកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬសមុីភាគីរៀងរាល់ម៉ោងធ្វើការ៕