សម្តេច ស ខេង ថា មន្រ្តីជាង២ពាន់ឡើងធ្វើ«មេគេ» ដោយមិនបានឆ្លងកាត់វគ្គជំនាញមូលដ្ឋាននគរបាលសោះ!
ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ បានធ្វើបច្ចុប្បន្នភាពលើការដំឡើងស័ក្តិ និងដំឡើងតំណែងនៅក្នុងជួរកងកម្លាំងនគរបាលកម្ពុជា ហើយបានរកឃើញថា មន្រ្តីនគរបាលជាង២ពាន់នាក់ ក្នុងចំណោម ៤ពាន់នាក់ ត្រូវបានដំឡើងស័ក្តិ និងតំណែង ដោយពួកគេ មិនបានឆ្លងកាត់វគ្គជំនាញមូលដ្ឋាននគរបាលរយៈពេល៤ខែទាល់តែសោះ។ នេះបើតាមការគូសបញ្ជាក់ឲ្យដឹងរបស់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
នៅក្នុងពិធីប្រគល់រថយន្តជូនវរសេនាតូចនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិនាព្រឹកថ្ងៃអង្គារនេះ សម្តេចក្រឡាហោម ស ខេង បានអះអាងថា មន្រ្តីទាំងជាង២ពាន់នាក់នេះ ត្រូវបានតំឡើងតំណែងជាអនុប្រធានផ្នែក និងជាអនុប្រធានការិយាល័យ ទៅដឹកនាំគេទាំងខ្លួនមិនបានរៀនសូត្រពីមូលដ្ឋាននគរបាល។ មានន័យថា ពួកគេឡើងទៅដឹកនាំគេ ទាំងខ្លួនមិនបានដឹងច្បាស់ពីវិជ្ជាជីវៈនគរបាលផងទេ។
បើតាមសម្តេចឧបនាយករដ្ឋមន្រ្តី ស ខេង គឺមន្រ្តីទាំងនេះ ពួកគេខ្លះ ត្រូវបានផ្ទេរមកពីកន្លែងផ្សេងៗ ឬជាស៊ីវិលដែលបានផ្ទេរមកចូលក្នុងក្របខណ្ឌនគរបាលជាតិ។ រីឯ ខ្លះទៀត ត្រូវបានផ្ទេរមកពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ។ យ៉ាងណាក៏ដោយ សម្តេចក្រឡាហោម ស ខេង បានបញ្ជាឲ្យមានការធ្វើបច្ចុប្បន្នភាពបន្តទៀត និងត្រួតពិនិត្យឲ្យបានច្បាស់លាស់ក្នុងការដំឡើងតួនាទី និងឋានន្តរស័ក្តិដល់មន្ត្រីនគរបាលជាតិនេះ៕