(កណ្ដាល)៖ក្មេងប្រុសម្នាក់ បានលង់ទឹកក្នុងអាងតង់កៅស៊ូ បណ្តាលឱ្យស្លាប់នៅផ្ទះក្មេងរងគ្រោះក្នុងបុរីពិភពថ្មី១ ភូមិព្រែកសំរោង៣ ក្រុងតាខ្មៅ ខេត្តកណ្ដាលកាលពីរសៀលថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២១ ។
ក្មេងរងគ្រោះឈ្មោះ ហេង កុកតុង ភេទប្រុស អាយុ១ឆ្នាំ ឪពុកឈ្មោះ ចេង ហេង អាយុ៣៥ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុននិងម្តាយឈ្មោះ ប៉ុល សុខចំណន អាយុ៣៤ឆ្នាំ។
ឈ្មោះ សុខ នី អាយុ៦១ឆ្នាំ ត្រូវជាយាយរបស់កុមាររងគ្រោះ បានឱ្យដឹងថា មុនកើតហេតុកុមាររងគ្រោះ នៅជាមួយយាយក្នុងផ្ទះ ដោយយាយបានទៅផ្ទះ បាយក្រោយ រកដួសបាយហូប។ពេលដើរចេញពីផ្ទះបាយវិញ ក៏បានបាត់កុមាររងគ្រោះមិនដឹងទៅណា ដើររកឃើញក្នុងអាងតង់កៅស៊ូ សម្រាប់ងូតទឹកមុខផ្ទះ ក៏ស្រង់ ចេញមកក្រៅ ជួយសង្គ្រោះតែ កុមារនេះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
លោកគ្រូពេទ្យបានពិនិត្យសាកសព យកសំណាក ដោយឧបករណ៍តេស្តរហ័សឃើញថាក្មេងរងគ្រោះអវិជ្ជមានកូវីដ- ១៩ ។មើលកាំមេរ៉ាសុវត្តិភាពឃើញកុមារបានឡើងលើកៅអីក៏ធ្លាក់ចូលអាងទឹកតង់កៅស៊ូលង់ស្លាប់តែម្តង៕