(ខេត្ដកំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយ ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យការកែលំអ មន្ទីរពេទ្យមេគង្គកំពង់ចាម (អតីតសណ្ឋាគារមេគង្គ) សម្រាប់ព្យាបាលអ្នកវិជ្ជមានវីរុសកូវីដ-១៩ ក្នុងក្របខ័ណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ ដែលកំពុងធ្វើការកែលំអ មន្ទីរពេទ្យមេគង្គកំពង់ចាម ធ្វេីយ៉ាងណាត្រូវពន្លឿនការងារនេះ ឲ្យបានឆាប់រួចរាល់ត្រឹមរយៈពេល២ថ្ងៃទៀត ទាំងមានគុណភាព និងសោភណភាព ក្នុងនោះត្រូវរៀបចំបន្ទប់សម្រាប់បុគ្គលិកពេទ្យ និងគ្រែសម្រាប់អ្នកជំងឺ ដោយមានការរៀបចំបំពាក់សម្ភារបរិក្ខារ និងបណ្តាញទឹក ភ្លើងថ្មី ព្រមទាំងសំអាតបរិស្ថានក្នុងអគារ និងទីធ្លានៅខាងក្រៅ ឲ្យបានស្អាតល្អ ដេីម្បីប្រែក្លាយអតីតសណ្ឋាគារមេគង្គនេះ ឲ្យក្លាយទៅជាមន្ទីរពេទ្យ ប្រកបដោយជំនឿនិងការជឿទុកចិត្ត សម្រាប់ព្យាបាលអ្នកវិជ្ជមានកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នៅដើមខែ ឧសភា ឆ្នាំ២០២១នេះ ។
បេីយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៩ ម្សិលមិញនេះ បានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន៣៩នាក់ ដែលរស់នៅក្នុងស្រុកមួយចំនួន នៃខេត្តកំពង់ចាម ។
បច្ចុប្បន្នអ្នកវិជ្ជមានកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មានចំនួន៥៨នាក់ ក្នុងនោះអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាច្រើននាក់ទៀត ដែលកំពុងធ្វើធ្វើចត្តាឡីស័ក ។
គួររំលឹកផងដែរថា បន្ទាប់ពីព្រឹត្តិការណ៍២០កុម្ភៈ បានរីករាលដាលដល់ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់រដ្ឋបាលខេត្តកំពង់ចាម ឲ្យយកទីតាំងធ្វើចត្តាឡីស័កនៃសណ្ឋាគារមេគង្គ ដែលមានចំនួន៧១បន្ទប់ សម្រាប់ត្រៀមធ្វើជាមន្ទីរពេទ្យព្យាបាល អ្នកវិជ្ជមានវីរុសកូវីដ-១៩ ៕