(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិទឹកល្អក់ទី២នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាប់វាយខ្នោះបានភ្លាមៗក្រោយពេលធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាក Iphone xs max មួយគ្រឿងពីបុរសម្នាក់។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង១៥នាទីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅផូវ២៦៥កែងនិងផ្លូវ២១៦ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ លី ម៉េង ហ៊ួ ភេទប្រុស អាយុ១៨ឆ្នាំ។
ប្រភពព័ត៍មានពីជនរងបានឲ្យដឹងថាមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿងត្រលប់ទៅធ្វើការ លុះដល់ចំនុចផ្លូវបំបែកជាបួនក្បែរកន្លែងកើតហេតុរូបគាត់បានឈប់ម៉ូតូនិយាយទូរស័ព្ទ ស្រាប់តែជនសង្ស័យខាងលើបានជិះម៉ូតមួយគ្រឿង ម៉ាកnexពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ1-IU 5442 បានធ្វើសកម្មភាពឆក់យកទូរស័ព្ទពីដៃរបស់គាត់ ពេលនោះជនរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយ ហើយស្រែកថា ចោរៗ ស្របពេលនោះកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលបានល្បាតពួនស្ទាក់នៅទីនោះបានចេញអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង ហើយក៏បានដឹកជនសង្ស័យយកទៅសាកសួរបន្តនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់ទី២ នៅចំពោះមុខសមត្ថកិច្ចរូបគេបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿងពីជនរងគ្រោះពិតប្រាកដមែន ហើយកន្លងទៅរូបគេធ្លាប់ចេញធ្វើសកម្មភាពឆក់តាមដងផ្លូវជាញឹកញាប់ផងដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកនិងកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនិតិវិធី៕
ដោយ៖ នូ សុភ័ក្រ
សម្រួល៖ សុវណ្ណារាជ រតនា