ព័ត៌មានរាយការណ៍

ដឹកទំនិញពីវៀតណាមក្នុង១រថយន្តៗ អាជីវករត្រូវ បង់លុយឱ្យមន្ត្រីច្រកដូង អស់ចាប់ពី២០ម៉ឺនរៀលទៅ៥០ម៉ឺនរៀល

(ខេត្តស្វាយរៀង)៖ អាជីវករដែលរកស៊ីដឹកជញ្ជូនទំនិញពីវៀតណាម ចូលមកកម្ពុជា តាម”ច្រកទ្វារព្រំដែនតំបន់ដូង”ស្ថិតនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។
បានត្អូញត្អែរគ្រប់ៗគ្នាថា សព្វថ្ងៃនេះពិបាកណាស់ រកប្រាក់ចំណេញលែងបានហើយ។ព្រោះសមត្ថកិច្ចប្រចាំច្រកទ្វារព្រំដែនមួយនេះ រួមនិងមន្ត្រីគយចល័តតំបន់២ ដាក់កុងត្រូល កំណត់យកលុយច្រើនពេក។

ករណីនេះពុំមានការ បកស្រាយបំភ្លឺពីមន្ត្រីគយ ដែលរងការចោទប្រកាន់នោះឡើយ។

ជុំវិញរឿងរ៉ាវមួយនេះ នៅថ្ងៃទី០៣.០៨.២០២៤ អាជីវករអ្នកដឹកទំនិញ លួសសំណាញ់គ្រឿងដែក ពីវៀតណាម ចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនខាងលើ។
ដោយប្រើរថយន្តចំណុះ ៥តោន បានអះអាងថា ខ្លួនដឹក១ជើង បង់លុយឱ្យស្នាក់ការត្រួតពិនិត្យចំនួន៤០.០០០រៀលជាកំហិត!.បង់ឱ្យការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារព្រំដែនតំបន់ដូងចំនួន១០០.០០០រៀល និងបន្តបង់ឱ្យអ្នកពាក់ព័ន្ធជាបន្តបន្ទាប់.ជាពិសេសបង់ឱ្យគយចល័ត ដែលដាក់កុងត្រូលចម្ងាយពីព្រំដែន ប្រហែលជិត១គីឡូម៉ែត្រ។
ពោលគឺ ក្នុង១ជើងៗបង់គ្រប់កន្លែង សរុបអស់ជាង៣០ម៉ឺនរៀលឯណោះ។

អាជីវករបញ្ជាក់ថា រាល់ការបង់លុយទាំងនេះ គឺពុំដែលមានវិក្កយបត្រ ឬចុងសន្លឹក បង់ពន្ធចូលរដ្ឋអ្វីឡើយ។

រីឯអ្នកបើករ៉ឺម៉ក ដឹកទំនិញគ្រឿងជ័រ និងអីវ៉ាន់ចាប់ហួយ ក៏បានអះអាងដែរថា ខ្លួនដឹក១ជើងៗ បង់លុយអស់ជិត១.០០០.០០០រៀល(មួយលានរៀល)។

ក្នុងនោះ បង់ឱ្យការិយាល័យគយច្រកទ្វារ ចំនួន៧០០.០០០រៀល ក្នុង១ជើង សម្រាប់ការចេញវិក្កយបត្រ បង់ពន្ធនាំចូល លើមុខទំនិញមួយផ្នែកតូច ដើម្បីបង្គ្រប់កិច្ច។

ជាក់ស្ដែង បើអត់វិក្កយបត្រ នាំចូល គឺបង់ឱ្យគយ ច្រកទ្វារព្រំដែន ចំនួន៤៥០.០០០រៀល ក្នុង១ជើង រួចបន្តបង់ឱ្យស្នាក់ការត្រួតពិនិត្យ រួមនិងគយចល័ត.ជាបន្តបន្ទាប់ សរុប អស់ជិត១លានរៀល ក្នុង១ជើងៗយ៉ាងទៀងទាត់។

ចំណែកម្ចាស់រថយន្ត”វេអង”ដឹកដំឡូងមីទៅលក់នៅប្រទេសវៀតណាម ក៏បានបញ្ជាក់ដែរថា ខ្លួនដឹកដំឡូង១ជើង បង់លុយឱ្យមន្ត្រីច្រកទ្វារព្រំដែនមួយនេះ អស់ចំនួន១២៥.០០០រៀល ជាកំហិត។

ដោយឡែក អ្នកដឹកទឹកកក ពីវៀតណាម ចូលមកកម្ពុជា ដោយប្រើរ៉ឺម៉កម៉ូតូ បានលើកឡើងថា ប្រសិនបើខ្លួន ដឹកទឹកកក ហើយមានដាក់ទំនិញពីលើរ៉ឺម៉កតិចតួច។

គឺក្នុង១ជើងៗ បង់អស់ចាប់៤០.០០០រៀលទៅ៥០.០០០រៀល។
ក្នុងនោះ បង់លុយឱ្យស្នាក់ការ ចំនួន១០.០០០រៀល បង់ឱ្យគយច្រកទ្វារ ចំនួន១០.០០០រៀល បង់ឱ្យគយចល័ត ចំនួន១០.០០០រៀលទៀត និងបង់ឱ្យអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ប្រភពដដែលបន្តថា បើសិនខ្លួន ដឹកទឹកកកតែមួយមុខ ដោយពុំមានបន្ថែមទំនិញ ពីលើរ៉ឺម៉កនោះទេ គឺបង់ក្នុង១កន្លែងៗចំនួន៥.០០០រៀលប៉ុណ្ណោះ។

អាជីវករ ដែលដឹកគ្រឿងសំណង់ ពីវៀតណាម ចូលមកកម្ពុជា ដោយប្រើរថយន្តកង់១០ បានបញ្ជាក់ថា រូបគាត់ដឹក១ជើងៗ។គឺបង់លុយឱ្យការិយល័យ គយច្រកទ្វារ ចំនួន២០ម៉ឺនរៀលជាកំហិត ដោយពុំមានវិក្កយបត្រ បង់ពន្ធនាំចូល! ។
រួចបន្តបង់ឱ្យស្នាក់ការចំនួន២០.០០០រៀល បន្ថែមពីនេះខ្លួនត្រូវបង់ឱ្យគយចល័ត ដែលដាក់កុងត្រូល នៅក្បែរព្រំដែន ចំនួន២០ម៉ឺនរៀលទៀត.សរុប១ជើងអស់ជិត៥០ម៉ឺនរៀលឯណោះ។

រាល់ការចោទប្រកាន់ខាងលើ នៅរសៀលទី០៣.០៨.២០២៤«សារព័ត៌មានយើង»បានសុំការបំភ្លឺពីលោក ហេង សំបូរ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តស្វាយរៀង ដោយលោកនិយាយយ៉ាងខ្លីថា ប្អូនសួរទៅ តើមន្ត្រីគយមួយណា អ្នកយកលុយ…?។

រីឯលោក ឆេង សាវិន ប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារព្រំដែនតំបន់ដូង មិនអាចសុំការបំភ្លឺបានទេ ព្រោះទូរស័ព្ទចូលហើយគ្មានអ្នកទទួល។

លុះដល់ព្រឹកទី០៤.០៨.២០២៤ លោក ងួន ខាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនតំបន់ដូង បានថ្លែងបដិសេធប្រាប់«សារព័ត៌មានយើង»ថា ស្នាក់ការរបស់លោក ពុំដែលបានទទួលលុយពីអាជីវករនោះឡើយ.លោក ងួន ខាន់ បន្តថា ខ្ញុំមានតែជួយសម្រួលដល់ការដឹកទំនិញរបស់អាជីវករ។

ចំណែកលោក ទន់ ចាន់ធី ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ មិនអាចសុំការអត្ថាធិប្បាយបានឡើយ ខណៈទូរស័ព្ទចូលហើយ គ្មានអ្នកទទួល។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអាជីវករ សូមស្នើដល់ ឯកឧត្តម ប៉េង​ ពោធិ៍សា អភិបាលខេត្តស្វាយរៀង ឯកឧត្ដម គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មេត្តាពិនិត្យស្រាវជ្រាវ ចំពោះភាពមិនប្រក្រតី នៃការកំណត់យកលុយពីអាជីវករ ដូចការរៀបរាប់ខាងលើ ដើម្បីបង្កើនចំណូលរដ្ឋ។
ខណៈអំពើពុករលួយ.សូកប៉ាន់និង ការកំណត់យកលុយ ពីអ្នករត់ពន្ធទំនិញក្រៅផ្លូវការ ក៏ជាផ្នែកមួយ ដែលបណ្ដាលឱ្យ រាំងស្ទះដល់ការអភិវឌ្ឍន៍ ប្រទេសជាតិផងដែរ៕រូបភាពនិងអត្ថបទ ដកស្រង់ចេញពីដើមរាំង

adm

Leave a Reply

Your email address will not be published. Required fields are marked *