ព័ត៌មានជាតិ

មន្ត្រីនគរបាល១២រូបន្ថែមទៀតត្រូវបានបណ្តេញចេញពីក្របខណ្ឌបន្ទាប់ពីរកឃើញមានផ្ទុកសារធាតុញៀន!

ភ្នំពេញ៖ មន្រ្តីនគរបាលជាតិចំនួន ១២រូប បន្ថែមទៀត ត្រូវបានបណ្តេញចេញ និងលុបក្របខណ្ឌ បន្ទាប់ធ្វើតេស្តមានសារធាតុញៀន។ នេះបើយោងតាមការឱ្យដឹងពី លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។

លោក ទូច សុខៈ បានបញ្ជាក់ថា មន្ត្រីនគរបាលជាតិទាំង១២រូបនេះ ត្រូវបាន លោក ស ថេត អគ្គស្នងការនគរបាលជាតិ ស្នើសុំឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិលេខ០០៦ ដើម្បីធ្វើការបណ្តេញចេញ។

ជាការឆ្លើយតប បន្ទាន់របស់ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសបណ្តេញចេញជាបន្ទាន់នៅដើមសប្តាហ៍ទី១ ដើមខែមករាឆ្នាំ២០២៤ ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងករណីណាដែលកងកម្លាំងនគរបាលជាតិរកឃើញ ឬពាក់ព័ន្ធនឹងសារធាតុញៀន ត្រូវបណ្តេញចេញពីក្របខណ្ឌជាដាច់ខាត។

លោក ទូច សុខៈ បានឱ្យដឹងទៀតថា សម្រាប់កងកម្លាំងនគរបាលជាតិចំណុះឱ្យបណ្តាអង្គភាពផ្សេងៗ នៃក្រសួងមហាផ្ទៃ នៅតែបន្តធ្វើយុទ្ធនាការនេះជាតំណាក់កាល។ លទ្ធផលសបញ្ជាក់ថា ចំនួនដែលរកឃើញថា មានសារធាតុញៀនក្នុងចំណោមកងកម្លាំងនគរបាលជាតិធៀបនឹងចំនួនកងកម្លាំងសរុបទាំងអស់ មានតិចតួចបំផុតដែលនេះបញ្ជាក់ថា នគរបាលជាតិបានស្គាល់អំពីច្បាប់ អនុវត្តច្បាប់ យល់ពីបទបញ្ជា អនុវត្តបទបញ្ជា អនុវត្តវិន័យតួនាទី ភារកិច្ច យល់ច្បាស់អំពីភាពជាគំរូមន្ត្រីអនុវត្តច្បាប់ដល់មហាជនដល់យុវជន យល់ច្បាស់អំពីហានិភ័យ និងគ្រោះថ្នាក់ ពាក់ព័ន្ធ ឬការប្រើប្រាស់គ្រឿងញៀន។

គួរបញ្ជាក់ថា មន្ត្រីនគរបាលជាតិទាំង ១២រូបមានឋានន្តរសក្តិត្រឹមអនុសេនីយ៍ឯក(សក្តិ៣)ក្នុងនោះបម្រើការងារនៅនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ១នាក់ ស្នងការនគរបាលរាជធានីភ្នំពេញ ២នាក់ ស្នងការនគរបាលខេត្តត្បូងឃ្មុំ ៣នាក់ នាយកដ្ឋានសន្តិសុខឯកជន ១នាក់ នគរបាលខេត្តកំពង់ស្ពឺ ១នាក់ ស្នងការដ្ឋាននគរបាលខេត្តស្ទឺងត្រែង ២នាក់៕

សូមអានសេចក្តីសម្រេចខាងក្រោម៖

adm

Leave a Reply

Your email address will not be published. Required fields are marked *